ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ថ្លែងថា នឹងទទួលយកលទ្ធផលបោះឆ្នោត ពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិក «ប្រសិនបើជាការបោះឆ្នោត ដោយស្មោះត្រង់

​វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ថា លោកនឹងគោរពតាមលទ្ធផល នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក «ប្រសិនបើពួកវាជាការបោះឆ្នោត ដោយស្មោះត្រង់»។ ការលើកឡើងនេះ ហាក់ដូចជាការព្យាយាម ជាថ្មីម្តងទៀតក្នុងការបណ្តុះការសង្ស័យ មុនការបោះឆ្នោតដ៏សំខាន់នៅសប្តាហ៍ក្រោយមកដល់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
​
​លោក ត្រាំ បានបង្កើនការអះអាងដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមានរយៈពេលច្រើនឆ្នាំរបស់លោក អំពីការក្លែងបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ ខណៈដែលការស្ទង់មតិ បានបង្ហាញថា គណបក្សសាធារណរដ្ឋ អាចនឹងបាត់បង់ការគ្រប់គ្រងលើសភា នៅក្នុងការបោះឆ្នោតនាថ្ងៃអង្គារខាងមុខនេះ។

​ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ថាតើលោកនឹងគោរពលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិដែរឬទេ ខណៈពេលលោកកំពុងធ្វើដំណើរទៅកាន់យុទ្ធនាការឃោសនានៅរដ្ឋតិចសាស់ លោក ត្រាំ បានឆ្លើយតបយ៉ាងខ្លីថា៖ «ខ្ញុំនឹងទទួលយក ប្រសិនបើវាជាការបោះឆ្នោតដោយស្មោះត្រង់។»

​ប្រធានាធិបតីវ័យ ៨០ ឆ្នាំរូបនេះ ក៏បានផ្តល់ការសន្យាប្រកបដោយការប្រុងប្រយ័ត្នផងដែរ ក្នុងការធ្វើការជាមួយគណបក្សប្រជាធិបតេយ្យដែលជាគូប្រជែង ប្រសិនបើគណបក្សសាធារណរដ្ឋបាត់បង់ការគ្រប់គ្រងលើរដ្ឋសភា និងព្រឹទ្ធសភា។

​ថ្លែងនៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews ក្បែររដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ បានបញ្ជាក់ថា៖ «យើងនឹងរកវិធីសាស្ត្រដោះស្រាយ។ មើលចុះ ខ្ញុំមានសិទ្ធិវេតូ (Veto) យ៉ាងរឹងមាំ។ ខ្ញុំសង្ឃឹមថារឿងនោះនឹងមិនកើតឡើងទេ ប៉ុន្តែប្រសិនបើវាកើតឡើងមែន វាក៏ធ្លាប់កើតឡើងចំពោះប្រធានាធិបតីជាច្រើនរូបរួចមកហើយដែរ។ អ្នកមានសិទ្ធិវេតូដ៏រឹងមាំ ហើយទីបំផុតអ្នកនឹងអាចធ្វើការលើកិច្ចព្រមព្រៀងនានាបាន។»

​គណបក្សសាធារណរដ្ឋកំពុងព្រួយបារម្ភអំពី «រលកពណ៌ខៀវ» (Blue Wave) របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ ដោយសារតែអ្នកបោះឆ្នោតអាចនឹងដាក់ទណ្ឌកម្មពួកគេ ជុំវិញបញ្ហាអតិផរណាដែលបង្កឡើងដោយតម្លៃប្រេងហក់ឡើងខ្ពស់ ចាប់តាំងពីលោក ត្រាំ បានបើកប្រតិបត្តិការសង្គ្រាមលើប្រទេសអ៊ីរ៉ង់មក។

​លោក ត្រាំ បានរៀបចំយុទ្ធនាការឃោសនាស្ទើរតែរៀងរាល់ថ្ងៃ នៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេលមួយខែកន្លងមកនេះ ដើម្បីបង្កើនចំនួនអ្នកចេញទៅបោះឆ្នោតក្នុងចំណោមមូលដ្ឋានអ្នកគាំទ្រ MAGA (Make America Great Again) របស់លោក ដោយលោកបានអះអាងថា លោកគឺជាមនុស្សតែម្នាក់គត់ដែលអាចទប់ស្កាត់ការបរាជ័យនេះបាន។

​ការធ្វើដំណើរទស្សនកិច្ចជាលើកទី៣ របស់លោកទៅកាន់រដ្ឋតិចសាស់ក្នុងរយៈពេលមួយខែចុងក្រោយនេះ បានឆ្លុះបញ្ចាំងពីក្តីបារម្ភទាំងនោះ ខណៈដែលការស្ទង់មតិបានបង្ហាញពីការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតសម្រាប់អាសនៈព្រឹទ្ធសភា នៅក្នុងរដ្ឋដែលធ្លាប់តែជាមូលដ្ឋានរឹងមាំរបស់គណបក្សសាធារណរដ្ឋអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។

ប្រែសម្រួល៖ គីរី

To Top