ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក អាចប្រឈមការចោទសួរ ពីជំហរលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងកិច្ចប្រជុំអាស៊ាននៅហ្វីលីពីន

ម៉ានីល ៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ទំនងជានឹងប្រឈមមុខនឹងសំណួរនានា អំពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅពេលដែលលោកជួបពិភាក្សា ជាមួយសមភាគីអាស៊ីអាគ្នេយ៍ នៅក្នុងប្រទេសហ្វីលីពីននាថ្ងៃពុធនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។

​ស្របពេលដែលសង្គ្រាមនៅអ៊ីរ៉ង់កំពុងដាក់សម្ពាធលើការត្រៀម លក្ខណៈយោធារបស់អាមេរិក បូករួមនឹងភាពតានតឹងដែលកំពុងកើនឡើងជាមួយប្រទេសចិន មន្ទីរបញ្ចកោណបានបញ្ជាក់ថា ការចូលរួមរបស់លោក Hegseth នៅក្នុងកិច្ចប្រជុំនាខេត្ត Cebu (សេប៊ូ) ប្រទេសហ្វីលីពីន គឺដើម្បីបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវ៉ាស៊ីនតោនចំពោះ «សន្តិភាពតាមរយៈភាពរឹងមាំ» នៅក្នុងតំបន់ប៉ាស៊ីហ្វិក។

​អ្នកវិភាគបានលើកឡើងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចនឹងប្រើប្រាស់ជំនួបក្រៅផ្លូវការជាមួយលោក Hegseth ដើម្បីស្វែងរកភាពច្បាស់លាស់អំពីទីបញ្ចប់នៃសង្គ្រាមនៅអ៊ីរ៉ង់ ការរំពឹងទុករបស់អាមេរិកពីសម្ព័ន្ធមិត្តនិងដៃគូ ព្រមទាំងចម្ងល់ថាតើទំហំ នៃតម្រូវការក្នុងជម្លោះនោះ អាចស៊ីគ្នានឹងការប្តេជ្ញាចិត្ត របស់អាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយ៉ាងដូចម្តេច។

​លោក Collin Koh អ្នកស្រាវជ្រាវផ្នែកសន្តិសុខនៅសាលា S. Rajaratnam School of International Studies របស់ប្រទេសសិង្ហបុរី បានបញ្ជាក់ថា៖ “ពួកគេចង់ស្វែងរកចម្លើយពីសហរដ្ឋអាមេរិកទាក់ទងនឹងភាពច្បាស់លាស់ឆ្ពោះទៅរកភាពជាសម្ព័ន្ធមិត្ត និងភាពជាដៃគូ។ ហើយជាការពិតណាស់ បញ្ហាស្នូលដែលចៀសមិនរួច គឺថាតើស្ថានភាពនេះវានឹងមានតុល្យភាពយ៉ាងដូចម្តេចជាមួយនឹងការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឬតំបន់ប៉ាស៊ីហ្វិកខាងលិច។”

​សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍កំពុងជួបប្រទះនឹងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ីរ៉ង់ ខណៈភាពតានតឹងរវាងម្ចាស់ផ្ទះហ្វីលីពីន និងទីក្រុងប៉េកាំង បានបន្ថែមការកកិតមួយកម្រិតទៀតទៅលើវេទិកា ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើផ្នែកសន្តិសុខនេះ។

សង្គ្រាមអ៊ីរ៉ង់ ដែលផ្ទុះឡើងដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានរំខានដល់ទីផ្សារដឹកជញ្ជូន និងទីផ្សារប្រេង ដែលបង្ហាញពីភាពងាយរងគ្រោះរបស់អាស៊ីអាគ្នេយ៍ចំពោះវិបត្តិប្រេងនាំចូល និងបានរុញច្រានបញ្ហាសន្តិសុខថាមពលឱ្យស្ថិតនៅលំដាប់ខ្ពស់ក្នុងរបៀបវារៈរបស់អាស៊ាន។

​លោក Greg Poling នាយកគម្រោងផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី (AMTI) បានមានប្រសាសន៍ថា លោក Hegseth នឹងទទួលបានឱកាសនៅក្នុងកិច្ចប្រជុំនេះ ដើម្បីដោះស្រាយទិដ្ឋភាពនានាទាក់ទងនឹងប្រទេសចិន ជម្លោះសមុទ្រចិនខាងត្បូង និងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ខ្លួន។ លោកបានបន្ថែមថា៖ “ប្រទេសភាគច្រើននឹងចង់បានការធានាឡើងវិញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់នេះ ទោះបីជាមានភាពចលាចលផ្នែកនយោបាយនៅទីក្រុងវ៉ាស៊ីនតោន និងការចុះខ្សោយទាំងសមត្ថភាព និងការត្រៀមខ្លួនរបស់អាមេរិកដោយសារសង្គ្រាមនៅអ៊ីរ៉ង់ក៏ដោយ។”

​ប្រធានបទនេះមានសារៈសំខាន់ណាស់សម្រាប់ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក ដែលទំនាក់ទំនងរបស់ខ្លួន ជាមួយទីក្រុងប៉េកាំងបានធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានការប្រឈមមុខ ដាក់គ្នាជាបន្តបន្ទាប់នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ការដាក់ទណ្ឌកម្មពីសំណាក់ចិន និងថ្មីៗនេះគឺការកោះហៅឯកអគ្គរដ្ឋទូតចិន។

​ទន្ទឹមនឹងនេះ ក្រសួងការពារជាតិចិនបានឲ្យដឹងកាលពីថ្ងៃអង្គារថា អនុព័ន្ធយោធាចិនប្រចាំនៅហ្វីលីពីន នឹងចូលរួមកិច្ចប្រជុំនេះផងដែរ ។ ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំ ដែលកំណត់យកថ្ងៃទី២៨ និង២៩ ខែតុលា យោធាហ្វីលីពីនបានប្រកាសថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់ លើក្រុមនាវាផ្ទុកយន្តហោះ Liaoning របស់ចិន ខណៈពេលដែលវាបានឆ្លងកាត់ដែនទឹក នៅភាគខាងត្បូងប្រទេសហ្វីលីពីន ឆ្ពោះទៅកាន់សមុទ្រ Celebes។

ប្រែសម្រួល៖ គីរី

To Top