ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងរុស្ស៊ី បញ្ជាក់ពីការអនុវត្តបទឈប់បាញ់ នៅទីក្រុង Oleshky ដែលសម្របសម្រួលដោយអាមេរិក

ទីក្រុងកៀវ៖ បទឈប់បាញ់ក្នុងតំបន់មួយ រវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ដែលមានគោលបំណងអនុញ្ញាត ឱ្យមានការនាំយកជំនួយមនុស្សធម៌ចូលទៅកាន់ទីក្រុង អូឡេសស្គី (Oleshky) ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហាក់ដូចជាកំពុងអនុវត្តទៅ ដោយរលូនកាលពីថ្ងៃអង្គារ (ទី២៧ ខែតុលា) ដោយភាគីទាំងសងខាងមិន បានរាយការណ៍ ពីការរំលោភបំពានណាមួយឡើយ បន្ទាប់ពីបទឈប់បាញ់នេះ ចូលជាធរមានបានជាច្រើនម៉ោង នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន CNA ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
​
​ភាគីទាំងពីរបានបញ្ជាក់ថា ពួកគេបានចាប់ផ្ដើមអនុវត្តបទឈប់បាញ់នេះនៅវេលាម៉ោង ៣ ទៀបភ្លឺ ម៉ោងក្នុងតំបន់។ ទីក្រុងដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមនៅក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែនមួយនេះ បានជាប់គាំងនៅចំកណ្តាលនៃការប្រយុទ្ធគ្នារវាងកងកម្លាំងទាំងពីរតាំងពីឆ្នាំ ២០២២ មកម្ល៉េះ ពោលគឺចាប់តាំងពីទីក្រុងនេះត្រូវបានកងទ័ពរុស្ស៊ី ចូលកាន់កាប់នៅដើមដំបូងនៃការឈ្លានពានរបស់ខ្លួន។

​អតីតអ្នករស់នៅក្នុងទីក្រុងនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីខែមុនថា អ្នកដែលនៅសេសសល់ក្នុងទីក្រុងកំពុងប្រឈមនឹងការអត់ឃ្លាន កង្វះខាតថ្នាំសង្កូវ និងមិនអាចចាកចេញដោយងាយស្រួលនោះទេ។

​អ្នកស្រី អាល់ហ្គា ដែលជាអតីតពលរដ្ឋរស់ នៅក្នុងទីក្រុងនេះ (ទីភ្នាក់ងារសារព័ត៌មាន AFP សុំលាក់នាមត្រកូល ដើម្បីហេតុផលសន្តិសុខ) បានប្រាប់ AFP កាលពីថ្ងៃអង្គារថា៖ «លទ្ធភាពនៃការជម្លៀសចេញពីទីក្រុង Oleshky គឺជាដំណឹងដ៏ល្អបំផុតសម្រាប់ខ្ញុំ និងសម្រាប់ប្រជាជនដែលកំពុងជាប់គាំងនៅទីនោះ។ អ្នកដែលខ្ញុំស្គាល់ គឺបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាកចេញ។»

​នៅក្នុងការប្រកាសពីបទឈប់បាញ់នេះកាលពីថ្ងៃសុក្រសប្តាហ៍មុន ស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក លោកស្រី មេឡានី ត្រាំ (Melania Trump) បានមានប្រសាសន៍ថា មន្ត្រីស៊ីវិលមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន នឹងចុះទៅជួបប្រជាពលរដ្ឋដល់ផ្ទះ និង «កំណត់អំពីកម្រិតជំនួយដែលពួកគេត្រូវការ»។

​លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ប្រជាពលរដ្ឋណា ដែលចង់ជម្លៀសចេញ នឹងទទួលបានការគាំទ្រ និងការសម្របសម្រួល ផ្នែកដឹកជញ្ជូនទៅកាន់គោលដៅដែលពួកគេពេញចិត្ត។ ខ្ញុំរំពឹងថា អ្នកខ្លះនឹងចង់ទៅរុស្ស៊ី ហើយខ្លះទៀតនឹងចង់ទៅអ៊ុយក្រែន។»

ប្រែសម្រួល៖ គីរី

To Top