ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់មិនចុះញ៉ម ចំពោះសម្ពាធរបស់អាមេរិក ខណៈមហាអំណាចតំបន់ និងចិន ស្វះស្វែងរកដំណោះស្រាយការទូត

តេហេរ៉ង់៖ ស្របពេលដែលមហាអំណាច ក្នុងតំបន់កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីទប់ស្កាត់កុំឱ្យមានការ កើនឡើងកម្តៅជាថ្មីនៅក្នុងសង្គ្រាមរយៈពេល ៨ខែរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ ទីក្រុងតេហេរ៉ង់ហាក់មិនបង្ហាញសញ្ញាណាមួយក្នុងការដកថយពីបន្ទាត់ក្រហមរបស់ខ្លួនឡើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Aljazeera  ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។

​កាលពីថ្ងៃអង្គារ ប្រទេសចិន បានប្រកាសថានឹងបញ្ជូនបេសកជនពិសេស ទៅកាន់ប្រទេសពាក់ព័ន្ធ ក្នុងតំបន់ក្នុងពេលឆាប់ៗនេះ ដើម្បីជួយបញ្ចៀស ការកើនឡើងកម្តៅជុំថ្មី ដែលនេះបង្ហាញពីភាពបន្ទាន់ កាន់តែខ្លាំងក្នុងការស្វែងរកដំណោះស្រាយសន្តិវិធីចំពោះជម្លោះ ដែលបាននិងកំពុងរំខានដល់ទីផ្សារថាមពលសកល និងរីករាលដាលពេញតំបន់។
​
​កាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់មកពីអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងតួកគី (ដែលជាប្រជាជាតិទាំងបី ដែលបានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិ ម៉ិកកាកាលពីខែសីហា) បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ដោយសន្យាបន្តការពិភាក្សាពាក់ព័ន្ធនឹង «សន្តិភាព និងសន្តិសុខ» នៅក្នុងតំបន់។

​ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់ហាក់មានការតាំងចិត្តយ៉ាងមុតមាំក្នុងការមិនបន្ធូរបន្ថយការទាមទាររបស់ខ្លួន ជាពិសេសខណៈពេលដែលខ្លួនកំពុងក្តោបក្តាប់ឥទ្ធិពលយ៉ាងធំធេង លើអនាគតពាណិជ្ជកម្មតាមផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz ដែលជាកន្លែងដែលប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ១ភាគ៥ របស់ពិភពលោកត្រូវបានដឹកជញ្ជូនឆ្លងកាត់មុនពេលមានសង្គ្រាម។

​អ្នកស្រី Negar Mortazavi និពន្ធនាយក និងជាពិធីករនៃកម្មវិធី The Iran Podcast បានប្រាប់សារព័ត៌មាន Al Jazeera ថា៖ «អាទិភាពរបស់អ៊ីរ៉ង់ មិនមែនគ្រាន់តែចង់បានបទឈប់បាញ់មួយផ្សេងទៀតនោះទេ ប៉ុន្តែគឺដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ និងបង្កើតការកំញើញ ដើម្បីកុំឱ្យវដ្តនៃការវាយប្រហារយោធាដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបន្តកើតមានម្តងហើយម្តងទៀត។»

​ទីក្រុងតេហេរ៉ង់នៅតែបន្តទទូចទាមទារឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម ការបញ្ចប់ការបិទខ្ទប់កំពង់ផែរបស់ខ្លួននៅតំបន់ឈូងសមុទ្រដោយកងទ័ពជើងទឹកអាមេរិក និងការធានាថាអាមេរិកនឹងមិនបន្តការវាយប្រហារទៀតឡើយ ជាថ្នូរនឹងការជួយសម្រួលឱ្យចរាចរណ៍នៅច្រកសមុទ្រ Hormuz ដំណើរការជាធម្មតាវិញ។ ចំណែកឯសហរដ្ឋអាមេរិកវិញ ចង់ឱ្យអ៊ីរ៉ង់លះបង់អ្វីៗបន្ថែមទៀត មុនពេលកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយត្រូវបានចរចា ដែលក្នុងនោះរួមទាំងការធ្វើសម្បទានពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

​អ្នកជំនាញលើកឡើងថា ការគិតគូររបស់អ៊ីរ៉ង់នៅពេលនេះ ត្រូវបានជំរុញដោយកត្តាមួយចំនួន រួមមាន៖
១. ការមិនទុកចិត្តយ៉ាងខ្លាំងទៅលើទីក្រុងវ៉ាស៊ីនតោន (ដែលបានវាយប្រហារលើអ៊ីរ៉ង់ ៣ដងតាំងពីខែមិថុនា ឆ្នាំ២០២៥ ខណៈកំពុងដំណើរការចរចា)
២. ជំនឿថាការបន្តដាក់សម្ពាធសេដ្ឋកិច្ចអាចបង្ខំឱ្យអាមេរិកផ្តល់សម្បទានដែលគួរឱ្យទាក់ទាញជាងមុន
៣. ការបោះឆ្នោតដ៏សំខាន់នៅក្នុងប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ និងសប្តាហ៍ក្រោយ។
​
​លោក Sina Toossi អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់គោលនយោបាយអន្តរជាតិ (CIP) បានបញ្ជាក់ថា ការបរាជ័យនៃកិច្ចព្រមព្រៀងកន្លងមក បានធ្វើឱ្យជំហររបស់ទីក្រុងតេហេរ៉ង់កាន់តែរឹងត្អឹង។ លោកបានប្រាប់ Al Jazeera ថា៖ «អ៊ីរ៉ង់ជឿជាក់ថា ការចរចា និងបទឈប់បាញ់កន្លងមក មិនអាចការពារខ្លួនពីការវាយប្រហារយោធាជាថ្មីបានឡើយ ដូច្នេះហើយទើបខ្លួនកំពុងស្វែងរកការធានាដែលរូបី និងប្រើប្រាស់បានយូរជាងមុន។»

​ទន្ទឹមនឹងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅតែរក្សាភាពមិនច្បាស់លាស់ជុំវិញចំណាត់ការដែលលោកនឹងអនុវត្តក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា៖ «សំណួររបស់ខ្ញុំគឺថា តើខ្ញុំត្រូវធ្វើកិច្ចព្រមព្រៀងជាមួយពួកគេ ឬក៏ត្រូវបញ្ចប់ពួកគេតែម្តង?» មុននេះ លោកធ្លាប់បាននិយាយថា ការវាយប្រហារលើអ៊ីរ៉ង់នឹងមិនកើតឡើងទេ រហូតទាល់តែការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា ត្រូវបានបញ្ចប់សិន។

​លោក Mohsen Rezaei លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានអះអាងកាលពីសប្តាហ៍មុនថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗ ដែលនេះជាផ្នែកនៃយុទ្ធសាស្ត្រ «វាយលុក» ថ្មីរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ និងចាប់ផ្តើមការចរចាសន្តិភាព លុះត្រាតែទីក្រុងវ៉ាស៊ីនតោនចាត់វិធានការជាក់ស្តែងដើម្បីកសាងទំនុកចិត្តឡើងវិញ ដូចជាការផ្អាកទណ្ឌកម្ម ការដកការបង្កកទ្រព្យសម្បត្តិអ៊ីរ៉ង់ និងការដកការបិទខ្ទប់កំពង់ផែជាដើម។

ប្រែសម្រួល៖ គីរី

To Top