កាតា ជំរុញឱ្យអ៊ីរ៉ង់បង្ហាញឆន្ទៈល្អ តាមរយៈការបញ្ឈប់ ការគំរាមកំហែងនានា នៅក្នុងតំបន់ និងបើកច្រក សមុទ្រហ័រមូសឡើងវិញ
បរទេស៖ ប្រទេសកាតា បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ «បង្ហាញឆន្ទៈល្អ» តាមរយៈការបញ្ឈប់ការគំរាមកំហែង ដល់បណ្តាប្រទេសនៅក្នុងតំបន់ និង បើកច្រកសមុទ្រហ័រមូស ឡើងវិញ ខណៈដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលឈានដល់កិច្ចព្រមព្រៀង មួយជាមួយសហរដ្ឋអាមេរិកនៅតែបន្ត។
លោក Ibrahim bin Sultan Al Hashmi នាយកនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងនៃក្រសួងការបរទេសកាតា បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍មួយនៅទីក្រុងដូហាថា «យើងបានទទួលឮការ លើកឡើងជាវិជ្ជមានពីភាគីអ៊ីរ៉ង់ ជុំវិញបញ្ហានេះ ប៉ុន្តែពួកគេនៅតែត្រូវបង្ហាញពីឆន្ទៈល្អ»។
លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកាតារាទៅកាន់ទីក្រុងតេអេរ៉ង់នាពេលថ្មីៗនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល រួមជាមួយប្រទេសប៉ាគីស្ថាន និងដៃគូក្នុងតំបន់ផ្សេងទៀត។
នៅពេលត្រូវបានសួរថាតើគណៈប្រតិភូនេះបាននាំយកសំណើថ្មីណាមួយទៅជាមួយដែរឬទេ លោក Al Hashmi បានឆ្លើយថា ការផ្លាស់ប្តូរសារ និងគំនិតនានានៅតែបន្តធ្វើឡើង ជាមួយភាគីទាំងសងខាង។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពី សំណើនោះទេ ហើយក៏មិនបានប្រកាសពីវឌ្ឍនភាព សំខាន់ណាមួយដែលជាចំណុចរបត់នោះដែរ។
លោកបានលើកឡើងថា ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានលើកឡើងអំពីលទ្ធភាព នៃការកើនឡើងភាពតានតឹងបន្ថែមទៀត ក៏ដូចជាលទ្ធភាពនៃការស្វែងរកដំណោះស្រាយតាមផ្លូវការទូត។ លោកបានបន្ថែមថា «អ្នកសម្របសម្រួលតែងតែព្យាយាម រក្សាឱកាសនៃក្តីសង្ឃឹមនេះទុក»៕
ប្រែសម្រួល ឈូក បូរ៉ា
