ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់​ និងន័រវែស ខ្វែងគំនិតគ្នា ជាមួយដាណឺម៉ាក​ និងស៊ុយអែត​ ជុំវិញជំនួបតាមទូរស័ព្ទ ជាមួយលោក​ ពូទីន

បរទេស៖​ មានការបែកបាក់ដ៏កម្រមួយ បានកើតឡើងក្នុងចំណោមបណ្តាប្រទេសនៅតំបន់ណ័រឌិក (Nordic) នៅពេលដែលមេដឹកនាំនៃប្រទេសដាណឺម៉ាក និងស៊ុយអែត បានរិះគន់ជាសាធារណៈ ទៅលើសមភាគីរបស់ខ្លួននៅប្រទេសហ្វាំងឡង់ និងន័រវែស ពាក់ព័ន្ធនឹងការសន្ទនា តាមទូរស័ព្ទ ដោយមិនបានប្រាប់ឱ្យដឹងជាមុន ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ការសន្ទនាតាមទូរសព្ទនេះ គឺជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និងនាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Støre ដែលថ្មីៗនេះបានរៀបចំកិច្ចចរចាសន្តិភាព មួយជុំនៅទីក្រុងអូស្លូ។

មេដឹកនាំទាំងពីរបានជំរុញឱ្យលោក ពូទីន បញ្ឈប់ការឈ្លានពានទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន ហើយចូលរួមក្នុងការចរចាប្រកបដោយខ្លឹមសារ ដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយសន្តិភាព និងស្ថិរភាព។

លោក Stubb បានលើកឡើងថា «ការពិភាក្សានេះគឺមានលក្ខណៈត្រង់ទៅត្រង់មក និងពោរពេញដោយខ្លឹមសារ»។​ លោកបានបន្ថែមថា «លទ្ធផលនៃសង្គ្រាមនេះនឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើសន្តិសុខរបស់យើង និងសន្តិសុខនៅទូទាំងទ្វីបអឺរ៉ុប។ ការបញ្ចប់សង្គ្រាមនេះ ទាមទារឱ្យមានការពិភាក្សាដោយផ្ទាល់»។

នាយករដ្ឋមន្ត្រីន័រវែស បានឧ្យដឹងថា «យើងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹង»។​ សេចក្តីរាយការណ៍អំពីកិច្ចសន្ទនានេះបានបញ្ជាក់យ៉ាងច្បាស់ថា លោក Stubb និងលោក Støre បាននិយាយជាមួយលោក ពូទីន ក្នុងនាមជា «មេដឹកនាំនៃប្រទេសរៀងៗខ្លួន ហើយមិនមែននិយាយក្នុងនាមតំណាងឱ្យទ្វីបអឺរ៉ុបទាំងមូលនោះទេ»។

ភ្លាមៗបន្ទាប់ពីនោះ លោក Stubb និងលោក Støre បានទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ ដែលលោកបានថ្លែងអំណរគុណដល់ពួកគេចំពោះការគាំទ្រយ៉ាងសកម្មរបស់ពួកគេ៕

To Top