ព័ត៌មានអន្តរជាតិ

ន័រវែស កំពុងព្រួយបារម្ភចំពោះ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត​ លើសន្ដិសុខជាតិរបស់ខ្លួន​

បរទេស៖​ អាជ្ញាធរសន្តិសុខជាតិរបស់ន័រវែស (NSM) បានឧ្យដឹងថា ចំនួននៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដែល «ទទួលបានជោគជ័យ» ទៅលើស្ថាប័ននានានៅក្នុងប្រទេសន័រវែស បានកើនឡើងបីដងក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ព្រមទាំងបានព្រមានអំពីការគំរាមកំហែង​ ដែលនៅតែបន្តកើតមានចំពោះសន្តិសុខជាតិរបស់ខ្លួន។

នៅក្នុងរបាយការណ៍ថ្មីមួយ ស្ថាប័ន NSM ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាពចារកម្ម និងការគំរាមកំហែងចម្រុះ បានបញ្ជាក់ថា វិស័យការពារជាតិ និងវិស័យអវកាសរបស់ប្រទេសនេះ គឺជាផ្នែកដែលងាយរងហានិភ័យពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាងគេ។

ស្ថាប័ននេះបានលើកឡើងថា «បញ្ហានេះក៏ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងអ្នកផ្តល់សេវាកម្មដល់ស្ថាប័ននានា ដែលមានសារៈសំខាន់​ ចំពោះសន្តិសុខជាតិផងដែរ»។

លោក Arne Christian Haugstøyl នាយកនៃស្ថាប័ននេះ បានបន្ថែមថា «កន្លងមក NSM មិនធ្លាប់បានផ្សព្វផ្សាយការវាយតម្លៃបែបនេះជាសាធារណៈនោះទេ។ ប៉ុន្តែនៅពេលនេះ យើងធ្វើដូច្នេះ គឺដោយសារតែវាពិតជាចាំបាច់ណាស់ក្នុងការបង្កើនទាំងភាពធន់ និងសមត្ថភាពក្នុងការដោះស្រាយប្រតិបត្តិការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងស្ថាប័ននានារបស់ន័រវែស»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top