អត្រាអ្នកចេញទៅបោះឆ្នោត នៅអ៊ីស្រាអែល កើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៧ ឆ្នាំ គឺ ៧៧,៧ ភាគរយ
យេរូសាឡឹម៖ យោងតាមការអាប់ដេតចុងក្រោយ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់អ៊ីស្រាអែល ដែលជាស្ថាប័នត្រួតពិនិត្យការ បោះឆ្នោតនេះ បានឱ្យដឹងថា អត្រាអ្នកចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសភាអ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានកើនដល់ ៧៧,៧ ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោត នៅពេលដែលការិយាល័យបោះឆ្នោត បានបិទទ្វារនៅម៉ោង ១០ យប់ (ម៉ោងក្នុងស្រុក)។
អត្រានេះគឺជាកម្រិតខ្ពស់បំផុតដែលត្រូវបានកត់ត្រាទុកនៅក្នុងការបោះឆ្នោតនៅអ៊ីស្រាអែលក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយនេះ ដោយកើនលើសតួលេខកាលពីឆ្នាំ ២០២២ ច្រើនជាង ៧ ភាគរយ។
ការស្ទង់មតិអ្នកបោះឆ្នោតនៅពេលចេញពីការិយាល័យបោះឆ្នោត ដែលធ្វើឡើងដោយស្ថានីយទូរទស្សន៍សាធារណៈ Kan TV និងស្ថានីយទូរទស្សន៍ឯកជន Channel 13 បានព្យាករណ៍ថា ក្រុមរបស់អតីតមេបញ្ជាការយោធា លោក Gadi Eisenkot នឹងទទួលបានអាសនៈចំនួន ៥៣ ខណៈក្រុមរបស់នាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទទួលបាន ៥០ អាសនៈ។
ចំណែកឯស្ថានីយទូរទស្សន៍ Channel 12 វិញ បានព្យាករណ៍ថា ក្រុមរបស់លោក Eisenkot ទទួលបាន ៥២ អាសនៈ និងក្រុមរបស់លោក ណេតាន់យ៉ាហ៊ូ ទទួលបាន ៥០ អាសនៈ។ ទាំងពីរក្រុមនេះ គ្មានក្រុមណាមួយទទួលបានអាសនៈចំនួន ៦១ ដែលតម្រូវឱ្យមានសំឡេងភាគច្រើនដាច់ខាតនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
