ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ណែនាំកងកម្លាំងថៃ ឱ្យចៀសវាងការប្រឈមមុខដាក់គ្នា ជាមួយកងកម្លាំងមីយ៉ាន់ម៉ា និងទប់ស្កាត់កុំឱ្យស្ថានការណ៍ វិវត្តទៅជាជម្លោះកាន់តែធំ‎

‎បរទេស៖ នាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល បាននិយាយថ្ងៃចន្ទថា ប្រទេសថៃបានបង្ហាញជាផ្លូវការ នូវក្តីបារម្ភរបស់ខ្លួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជុំវិញការប្រយុទ្ធគ្នា ដែលកំពុងបន្តនៅជិតព្រំដែន ដោយព្រមានថា ជម្លោះនេះមិនត្រូវប៉ះពាល់ដល់ទឹកដីថៃ ឬជនស៊ីវិលឡើយ។
‎
‎យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ថ្លែងនៅមន្ទីរពេទ្យណងខៃ វេលាម៉ោង ១៣.០០ លោក អនុទីន បានឆ្លើយតបទៅនឹង ការអំពាវនាវរបស់គណបក្សប្រឆាំង ដែលឲ្យរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ ជាផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធការ៉ែន តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។
‎
‎លោកបាននិយាយថា រដ្ឋាភិបាលបានចាត់វិធានការរួចហើយ តាមរយៈបណ្តាញយោធា និងការទូត។
‎
‎លោក អនុទីន បាននិយាយទៀតថា ប្រទេសថៃបានជូនដំណឹងដល់ប្រទេសមីយ៉ាន់ម៉ា អំពីក្តីបារម្ភរបស់ខ្លួន ចំពោះការផ្ទុះដែលកើតឡើងនៅជិតព្រំដែនជារៀងរាល់ថ្ងៃ ហើយបានជំរុញអាជ្ញាធររបស់ខ្លួន ឲ្យធានាថា ការប្រយុទ្ធគ្នានេះមិនប៉ះពាល់ដល់ប្រទេសថៃទេ។
‎
‎នាយករដ្ឋមន្ត្រីបានថ្លែងថា ប្រទេសថៃបានពង្រឹងសន្តិសុខតាមព្រំដែន ដោយដាក់ពង្រាយកម្លាំងបន្ថែមសម្រាប់ល្បាត និងបង្កើនការត្រៀមខ្លួនរបស់យោធា។
‎
‎ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា កងកម្លាំងថៃត្រូវបានណែនាំឱ្យចៀសវាងការប្រឈមមុខដាក់គ្នា និងទប់ស្កាត់កុំឱ្យស្ថានការណ៍វិវត្តទៅជាជម្លោះកាន់តែធំ។
‎

To Top