អ៊ីរ៉ង់ អាចបើកច្រកសមុទ្រហ័រមូសឡើងវិញ ក្នុងរយៈពេលពីរថ្ងៃ ប្រសិនបើអាមេរិក បំពេញតាមលក្ខខណ្ឌនានារបស់ខ្លួន
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការបើកច្រកសមុទ្រហ័រមូស ឡើងវិញក្នុងរយៈពេលពីរថ្ងៃ ប្រសិនបើភាគីអាមេរិក យល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន ។ កាលពីខែកញ្ញា នៅពេលដែលអ៊ីរ៉ង់ បានស្នើគំនិតនេះទៅកាន់ ទីក្រុងវ៉ាស៊ីនតោនតាមរយៈប្រទេសកាតា ខ្លួនបានដាក់ចេញនូវក្របខ័ណ្ឌពេលវេលារយៈពេល ៧ថ្ងៃ។
លោក Esmaeil Baghaei អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានឧ្យដឹងថា៖ «លទ្ធភាពនៃការអនុវត្តផែនការ នេះក្នុងរយៈពេលពីរថ្ងៃ គឺជាសញ្ញាមួយទៀតដែលបង្ហាញពីជំហរស្មោះត្រង់របស់អ៊ីរ៉ង់»។
លោកបានបន្ថែមថា៖ «យើងបានបញ្ជាក់រួចហើយថា ប្រសិនបើការទាមទាររបស់អ៊ីរ៉ង់ត្រូវបានបំពេញ នោះវានឹងអាចធ្វើទៅបានក្នុងការស្តារសន្តិសុខឡើងវិញនៅច្រកសមុទ្រហ័រមូស និងបន្តដំណើរការចរចាឡើងវិញក្នុងរយៈពេលដ៏ខ្លី»។
លោកបានលើកឡើងថា មានការផ្លាស់ប្តូរសារជាមួយសហរដ្ឋអាមេរិកតាមរយៈភាគីសម្របសម្រួល ហើយ «អ្វីៗទាំងអស់គឺអាស្រ័យលើ» ថាតើភាគីសហរដ្ឋអាមេរិក នឹងទទួលយកការទាមទាររបស់អ៊ីរ៉ង់ដែរឬទេ។ លោកបានពន្យល់ថា៖ «ទាល់តែពេលនោះហើយ ទើបយើងអាចពិភាក្សាអំពីដំណាក់កាលបន្តបន្ទាប់ទៀតបាន»។
លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ រួមមាន ការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅបរទេស ការលុបចោលទណ្ឌកម្មលើវិស័យប្រេង និងការបញ្ចប់ការបិទផ្លូវសមុទ្រ ដោយកងទ័ពជើងទឹកអាមេរិកនៅតាមកំពង់ផែរបស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងពីតម្រូវការបន្ថែមទៀត នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Al Jazeera ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ក៏ត្រូវតែទទួលយកផ្លូវឆ្លងកាត់ថ្មីមួយតាមរយៈច្រកសមុទ្រ ដែលបានព្រមព្រៀងគ្នារវាងអ៊ីរ៉ង់ និងអូម៉ង់ ព្រមទាំងកាត់បន្ថយចំនួន កងទ័ពអាមេរិក នៅក្នុងតំបន់ និងលុបចោលទណ្ឌកម្មនានា ដែលបានដាក់ចេញចាប់តាំងពីខែសីហាមក៕
ប្រែសម្រួល ឈូក បូរ៉ា
