ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងរួមគ្នាអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យយោធានៅឆ្នាំ ២០២៧
ឡុងដ៏៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Wes Streeting បានថ្លែងថា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ មានគម្រោងសហការគ្នាដើម្បីធ្វើតេស្ត អភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ។
នៅក្នុងអត្ថបទមួយ ដែលបានចុះផ្សាយ ក្នុងកាសែត Frankfurter Allgemeine Zeitung មុនពេលកិច្ចពិភាក្សាជាមួយ សមភាគីអាល្លឺម៉ង់ លោក Boris Pistorius នៅទីក្រុងប៊ែរឡាំង កាលពីរសៀលថ្ងៃចន្ទ លោក Streeting បានលើកឡើងថា ប្រទេសទាំងពីរនឹងពង្រីកគម្រោងសន្តិសុខសាយប័ររួមគ្នាដែលមានស្រាប់ ដែលមានឈ្មោះថា «Cyber Lighthouse» ឱ្យគ្របដណ្តប់លើវិស័យបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
លោកបានសរសេរថា៖ «តាមរយៈការធ្វើតេស្តរួមគ្នា ការអភិវឌ្ឍ និងទីបំផុតគឺការដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់យើង យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែស៊ីជម្រៅ ហើយអាចទាន់សភាពការណ៍ជាមួយភាគីទាំងឡាយណា ដែលប៉ុនប៉ងបង្កគ្រោះថ្នាក់ដល់ពួកយើង»។
តំណាងរដ្ឋាភិបាល និងវិស័យឧស្សាហកម្មមកពីប្រទេសទាំងពីរ គ្រោងនឹងជួបប្រជុំគ្នានៅរដូវផ្ការីក ឆ្នាំ ២០២៧ ដើម្បីពិភាក្សារៀបចំផែនការអនុវត្ត។ មកទល់ពេលនេះ នៅមិនទាន់មានការប្រកាសអំពីប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) កម្មវិធី ឬថវិកាជាក់លាក់ណាមួយនៅឡើយទេ។
លោក Streeting បានលើកឡើងថា ក្រុមហ៊ុនអាល្លឺម៉ង់នានា បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ៨០០ លានផោន (ប្រហែល ៩៥៦ លានអឺរ៉ូ) នៅក្នុងវិស័យការពារជាតិ របស់ចក្រភពអង់គ្លេស ចាប់តាំងពីប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការពារជាតិមួយកាលពីឆ្នាំ ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា
