ព័ត៌មានអន្តរជាតិ

ទីក្រុងហាណូយ នឹងផ្តល់ប្រាក់ ១៥៤ ដុល្លារ ដល់ស្ត្រីដែលមានកូន ២ នាក់ នៅមុនអាយុ ៣៥ ឆ្នាំ

បរទេស៖ ចាប់ពីឆ្នាំក្រោយទៅ ទីក្រុងហាណូយ នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤ លានដុង (ស្មើនឹង ១៥៤ ដុល្លារអាមេរិក) ជូនដល់ស្ត្រីដែលសម្រាលកូនបាន ២ នាក់ មុនអាយុ ៣៥ ឆ្នាំ។ វិធានការនេះគឺជាផ្នែកមួយនៃគោលនយោបាយដែលមានគោលបំណងជំរុញអត្រាកំណើតនៅក្នុងទីក្រុង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា យោងតាមគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ គឺ អត្រាកំណើតនៅក្នុងទីក្រុងនេះបានស្ថិតនៅក្រោមកម្រិតជំនួស (replacement level) ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្រាកំណើតសរុបគឺ ១,៨៨ នាក់ក្នុងស្ត្រីម្នាក់នៅឆ្នាំ ២០២៣, អត្រា ១,៨៦ នាក់នៅឆ្នាំ ២០២៤ និង អត្រា ១,៨៧ នាក់នៅឆ្នាំ ២០២៥។

គណៈកម្មាធិការបានលើកឡើងថា អត្រាកំណើតទាបក្នុងរយៈពេលយូរអាចប៉ះពាល់ដល់ចំនួន និងរចនាសម្ព័ន្ធប្រជាជនរបស់ទីក្រុងហាណូយ ធ្វើឱ្យដំណើរការនៃភាពចាស់នៃប្រជាជនកើតឡើងកាន់តែលឿន និងបង្កជាសម្ពាធលើកម្លាំងពលកម្មក្នុងរយៈពេលវែង។

គណៈកម្មាធិការបានបញ្ជាក់ថា គោលនយោបាយនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាប្រជាជនទីក្រុង ដោយមានគោលបំណងលើកទឹកចិត្ត ឱ្យគូស្វាមីភរិយាមានកូន ២ នាក់ និងនាំយកអត្រាកំណើតរបស់ទីក្រុងឱ្យត្រឡប់ទៅរកកម្រិតជំនួសវិញជាបណ្តើរៗ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានទទួលស្គាល់ផងដែរថា ប្រជាពលរដ្ឋនៅទីក្រុងហាណូយ កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ដោយសារការកើនឡើងនៃថ្លៃលំនៅឋាន ការចំណាយលើការថែទាំកុមារ និងការអប់រំ ព្រមទាំងបញ្ហាប្រឈមក្នុងការរក្សាតុល្យភាពរវាងការងារ និងជីវិតគ្រួសារ ។

ទីក្រុងនេះប៉ាន់ប្រមាណថា នឹងមានស្ត្រីប្រហែល ១៥.០០០ នាក់ក្នុងមួយឆ្នាំ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ដែលតម្រូវឱ្យមានថវិកាប្រចាំឆ្នាំប្រហែល ៦០ ពាន់លានដុង។

គណៈកម្មាធិការបានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភចំនួន ៤ លានដុងនេះ គ្រាន់តែជាជំនួយហិរញ្ញវត្ថុមួយផ្នែកប៉ុណ្ណោះសម្រាប់គ្រួសារដែលចិញ្ចឹមកូន មិនមែនជាការទូទាត់សងពេញលេញសម្រាប់ការចំណាយលើការថែទាំកុមារ និងការអប់រំនោះទេ។
ប្រែសម្រួលៈ តុលា

To Top