ប្រតិកម្មប្រឆាំង នឹងមជ្ឈមណ្ឌលទិន្នន័យ ជួយឱ្យគណបក្សប្រជាធិបតេយ្យ ទទួលបានជ័យជម្នះនៅរដ្ឋតិចសាស់ ហ្សកហ្ស៊ី និងអូហៃយូ
វ៉ាស៊ីនតោន ៖ បញ្ហាមជ្ឈមណ្ឌលទិន្នន័យ បានក្លាយជា ប្រធានបទមួយ នៅក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក ដោយបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ដែលបានសន្យាថានឹងបញ្ឈប់ការអភិវឌ្ឍ មជ្ឈមណ្ឌលទាំងនេះ បានប្រកាសជ័យជម្នះកាលពីយប់ថ្ងៃអង្គារ។
រដ្ឋ Texas, Georgia និង Ohio ដែលបានក្លាយជាគោលដៅទាក់ទាញ សម្រាប់ក្រុមហ៊ុននានា ដែលចង់សាងសង់មជ្ឈមណ្ឌលទិន្នន័យ ដើម្បីគាំទ្រ ដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះ បានបោះឆ្នោតគាំទ្របេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ ដែលបានសន្យាថា នឹងចាត់វិធានការតឹងរ៉ឹងលើបច្ចេកវិទ្យានេះ។
យោងតាមការស្ទង់មតិមួយ របស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew (Pew Research Center) ក្នុងឆ្នាំ ២០២៥ បានបង្ហាញថា ប្រជាជនអាមេរិកជាងពាក់កណ្តាលមានអារម្មណ៍ភ័យខ្លាច ចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាជាងមានអារម្មណ៍រំភើបរីករាយ។
ពួកគេក៏មានក្តីបារម្ភផងដែរអំពីមជ្ឈមណ្ឌលទិន្នន័យ ដែលប្រើប្រាស់ថាមពលក្នុងបរិមាណដ៏ច្រើន បង្កើតសំឡេងរំខានខ្លាំង បង្កឱ្យមានការបំពុលបរិស្ថាន និងត្រូវការផ្ទៃដីធំទូលាយ។ យោងតាម Data Center Watch ដែលជាគម្រោងស្រាវជ្រាវមួយដំណើរការដោយក្រុមហ៊ុន 10a Labs បានឱ្យដឹងថា គម្រោងមជ្ឈមណ្ឌលទិន្នន័យយ៉ាងហោចណាស់ចំនួន ៤៥ ត្រូវបានរំខាន ឬរាំងស្ទះនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៦ ដោយសារតែមានការប្រឆាំងពីប្រជាពលរដ្ឋក្នុងតំបន់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគាំទ្រយ៉ាងខ្លាំងចំពោះការសាងសង់មជ្ឈមណ្ឌលទិន្នន័យនេះ។ កាលពីខែកញ្ញា លោកបានលើកឡើងថា ការជំទាស់នឹងមជ្ឈមណ្ឌលទាំងនេះ រួមទាំងក្តីបារម្ភអំពីសុវត្ថិភាព នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺ «សុទ្ធតែជារឿងមិនពិត»។ លោកបានបន្ថែមថា «មជ្ឈមណ្ឌលទិន្នន័យ គឺជារឿងដ៏ល្អប្រសើរ វាជួយឱ្យមនុស្សក្លាយជាអ្នកមាន ហើយក៏ជួយឱ្យរដ្ឋនានាក្លាយជាអ្នកមានផងដែរ»។
យោងតាមការស្ទង់មតិរបស់អ្នកបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតរបស់បណ្តាញព័ត៌មាន NBC បានឱ្យដឹងថា អ្នកឆ្លើយតបជាង ៥០% បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ គឺជា «កត្តាសំខាន់ ឬកត្តាចម្បងមួយ» នៅក្នុងការសម្រេចចិត្តរបស់ពួកគេ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ៕
