នាវាដឹកប្រេង ៤ គ្រឿងទៀតត្រូវផ្ទុះឆេះ ក្រោយព្យាយាមឆ្លង កាត់ផ្លូវហាមឃាត់ ក្នុងច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នាវាដឹកប្រេងចំនួន ៤ គ្រឿងដែល «រំលោភបំពាន» ដោយព្យាយាមឆ្លងកាត់ផ្លូវហាមឃាត់ ក្នុងច្រកសមុទ្រហ័រមូស នៅភាគខាងត្បូងនៃច្រកទឹកនោះ បានផ្ទុះឡើងបន្ទាប់ពីបុកត្រូវមីនសមុទ្រ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើគេហទំព័រព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News បានឱ្យដឹងថា ការផ្ទុះនេះបានបង្កឱ្យមាន អគ្គិភ័យឆេះនាវាទាំងនោះ ខណៈដែលនាវា ២ គ្រឿងផ្សេងទៀត ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះ ក៏ត្រូវបានបញ្ឈប់ផងដែរ។
នៅក្នុងប្រតិបត្តិការដាច់ដោយឡែក មួយទៀតកាលពីថ្ងៃពុធ IRGC បានឱ្យដឹងថា កងកម្លាំងការពារដែនអាកាស របស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនប្រភេទ MQ-9 Reaper មួយគ្រឿង នៅពីលើច្រកសមុទ្រហ័រមូស ហើយនេះគឺជាយន្តហោះដ្រូន MQ-9 Reaper ទី ៥៦ ហើយ ដែលត្រូវបានកងកម្លាំងការពារដែន អាកាសរបស់អ៊ីរ៉ង់ស្ទាក់ចាប់បានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
IRGC បានព្រមានថា កងកម្លាំងរបស់ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការវាយប្រហារ «ដុំចុងក្រោយ» ទៅលើប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
កាលពីថ្ងៃអង្គារ IRGC បានឱ្យដឹងថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានវាយប្រហារលើយន្តហោះដ្រូន ប្រយុទ្ធគ្មានមនុស្សបើកប្រភេទតម្លៃទាបរបស់សហរដ្ឋអាមេរិក ចំនួន ២ គ្រឿង នៅពីលើទីក្រុងកំពង់ផែ Bandar-e Khamir ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
កងទ័ពអ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រង លើច្រកសមុទ្រហ័រមូសនៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយហាមឃាត់ការធ្វើដំណើរ ដោយសុវត្ថិភាពសម្រាប់នាវាដែលជារបស់ ឬមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
