Update: នាយករដ្ឋមន្រ្តីថៃ ប្រាប់ប្រជាជន កុំឱ្យភ័យស្លន់ស្លោ ឬនាំគ្នាស្តុកទុកអាហារ បន្ទាប់ពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ណែនាំឱ្យត្រៀមអាហារ ប្រើប្រាស់ក្នុងរយៈពេល ៧២ ម៉ោង
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរ៉ាគុល បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តរស់នៅតាមធម្មតា និងកុំស្តុកទុកអាហារ បន្ទាប់ពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានណែនាំឱ្យរៀបចំកញ្ចប់សម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្នរយៈពេល ៧២ ម៉ោង។
យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ថ្លែងនៅវិមានរដ្ឋាភិបាលនៅថ្ងៃទី ៥ ខែវិច្ឆិកានេះ លោក អានុទីន បានលើកឡើងថា ប្រទេសថៃគឺជាប្រទេសដែលមានសន្តិសុខស្បៀងរឹងមាំ ហើយក៏ជាអ្នកផលិត និងនាំចេញផលិតផលកសិកម្មដ៏សំខាន់មួយផងដែរ។ លោកបានបញ្ជាក់យ៉ាងមុតមាំថា មិនមានហេតុផលអ្វីដែលត្រូវព្រួយបារម្ភអំពីការខ្វះខាតស្បៀងអាហារនោះទេ ដោយបន្ថែមថា រដ្ឋាភិបាលប្តេជ្ញាធានាឱ្យប្រជាពលរដ្ឋអាចទទួលបានស្បៀងអាហារបានគ្រប់គ្រាន់។
នៅពេលត្រូវបានសួរថា តើប្រជាពលរដ្ឋគួរតែបន្តជីវភាពប្រចាំថ្ងៃ របស់ពួកគេដោយមិនចាំបាច់ ស្តុកទុកសម្ភារៈប្រើប្រាស់ឬយ៉ាងណា? លោក អានុទីន បានឆ្លើយថា ប្រជាជនថៃមិនគួរមានការ ព្រួយបារម្ភហួសហេតុចំពោះស្ថានការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេសដទៃនោះទេ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសថៃគឺជាប្រទេសផលិតស្បៀងអាហារដ៏ធំមួយ។
លោកក៏បានលើកឡើងដែរថា ប្រទេសថៃគួរតែចាត់ទុកតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកនាំចេញស្បៀងអាហារ ដែលផ្គត់ផ្គង់ផ្លែឈើ បន្លែ អង្ករ ស្ករ ដំឡូងមី និងផលិតផលកសិកម្មកែច្នៃ ជាឱកាសមួយដើម្បីពង្រឹង សារៈសំខាន់របស់ខ្លួននៅលើឆាកអន្តរជាតិ។
ទាក់ទងនឹងការគំរាមកំហែងផ្នែកសន្តិសុខ តាមអ៊ីនធឺណិត (Cybersecurity) លោក អានុទីន បាននិយាយថា ដោយសារប្រទេសថៃ ជាប្រទេសនាំចេញ ដូច្នេះក្រុមហ៊ុនផលិតនានាត្រូវតែទទួលខុស ត្រូវក្នុងការការពារខ្សែ ច្រវាក់ផ្គត់ផ្គង់រៀងៗខ្លួន។
ប្រែសម្រួលៈ តុលា
