ក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប រក្សាគម្លាត ពីលោក ត្រាំ ដោយចោទថា សង្គ្រាមជាមួយអ៊ីរ៉ង់ គឺជាមូលហេតុដែលនាំឱ្យ គណបក្សសាធារណរដ្ឋ នៅអាមេរិកបរាជ័យ
បរទេស៖ នៅថ្ងៃពុធ ក្រុមអ្នកនយោបាយស្តាំនិយមជ្រុលនៅអឺរ៉ុបបានចាប់ផ្តើមរក្សាគម្លាតពីលោក ដូណាល់ ត្រាំ (Donald Trump) បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ប៉ុន្តែពួកគេភាគច្រើនបានចៀសវាងការរិះគន់ចំៗ ទៅលើរូបលោកប្រធានាធិបតីផ្ទាល់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការផ្លាស់ប្តូរជំហរនេះគឺជារឿង គួរឱ្យកត់សម្គាល់ ដោយសារមេដឹកនាំទាំងនោះជាច្រើន ធ្លាប់បានអបអរសាទរចំពោះទំនាក់ទំនងផ្នែកមនោគមវិជ្ជារបស់ពួកគេជាមួយលោក ត្រាំ បន្ទាប់ពីជ័យជម្នះរបស់លោក ថែមទាំងមានមេដឹកនាំខ្លះបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី (Washington DC) និងទទួលបានការគាំទ្រពីលោក អេឡុន ម៉ាស (Elon Musk) ដែលជាមហាសេដ្ឋីសម្ព័ន្ធមិត្តរបស់លោក ត្រាំ ទៀតផង។
លោក ហ្ស៊កដង់ បាដេឡា (Jordan Bardella) មេដឹកនាំគណបក្ស National Rally របស់ប្រទេសបារាំង ដែលការស្ទង់មតិភាគច្រើនបង្ហាញថា អាចនឹងបង្កើតរដ្ឋាភិបាលបន្ទាប់បាននោះ គឺជាឧទាហរណ៍ដ៏ច្បាស់មួយនៃការផ្លាស់ប្តូរជំហរនយោបាយនេះ។
លោក បាដេឡា បានលើកឡើងថា អាណត្តិទីពីររបស់លោក ត្រាំ មានលក្ខណៈផ្តោតលើបញ្ហាផ្ទៃក្នុងតិចជាងអាណត្តិទីមួយ (ពីឆ្នាំ ២០១៧ ដល់ ២០២១)។ លោកបានបន្ថែមថា «ការជ្រៀតជ្រែករបស់អាមេរិកពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ» ដល់សេដ្ឋកិច្ចជុំវិញពិភពលោក ប៉ុន្តែលោកមិនបានបញ្ជាក់ចំៗថា លោក ត្រាំ គឺជាអ្នកនៅពីក្រោយការជ្រៀតជ្រែកនោះទេ។
នៅប្រទេសអាល្លឺម៉ង់ លោកស្រី អាលីស វ៉ៃដែល (Alice Weidel) សហមេដឹកនាំនៃគណបក្សស្តាំនិយមជ្រុល Alternative for Germany (AfD) ក៏បានចង្អុលបង្ហាញថា ប្រទេសអ៊ីរ៉ង់គឺជាមូលហេតុនៃបរាជ័យនេះដែរ។ លោកស្រីបានប្រាប់សារព័ត៌មាន T-Online ថា៖ «លោក ត្រាំ បានសន្យាជាមួយអ្នកបោះឆ្នោតរបស់គាត់ថា នឹងមិនអនុវត្តគោលនយោបាយការបរទេសបែបជ្រៀតជ្រែកកិច្ចការបរទេសឡើយ… ការមិនគោរពពាក្យសន្យានេះហើយ ដែលពេលនេះបានត្រឡប់មកជះឥទ្ធិពលអាក្រក់ដល់គណបក្សសាធារណរដ្ឋវិញ»។
ប្រែសម្រួលៈ តុលា
