ព័ត៌មានអន្តរជាតិ

ប៉ូលិសបារាំងប៉ះទង្គិច ជាមួយក្រុមបាតុករនៅទីក្រុង Lyon ចំពេលមានការប្រមូលផ្តុំ និងធ្វើកូដកម្មទូទាំងប្រទេស

​LYON/PARIS  ៖ ប៉ូលិសបង្ក្រាបកុប្បកម្មបារាំង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងសម្រុកចូលទៅ ក្នុងក្រុមបាតុករនៅក្នុងទីក្រុង Lyon ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលបាតុកម្មបានកើតឡើង នៅទូទាំងប្រទេស ក្នុងទម្រង់ជាការប្រឆាំងសារជាថ្មីទៅលើប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បន្ទាប់ពីមានភាពចលាចលអស់រយៈពេលជាច្រើនសប្តាហ៍មក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៥ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

បាតុករមួយចំនួនត្រូវបានគេមើលឃើញថាបានស្រែកពាក្យស្លោកប្រឆាំងនឹងប៉ូលិស ហើយខ្លះទៀតបានស្លៀកពាក់ពណ៌ខ្មៅទាំងស្រុង ព្រមទាំងមានការបិទបាំងមុខផងដែរ។
​ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា កងកម្លាំងប៉ូលិសនៅទីក្រុង Lyon បានប្រឈមមុខជាមួយនឹងក្រុមបាតុករតឹងសរសៃករាប់រយនាក់ ហើយអំពើហិង្សានេះត្រូវបានទប់ស្កាត់ បើទោះបីជាស្ថានភាពតានតឹងនៅតែមានកម្រិតខ្ពស់ក៏ដោយ។

​ការតវ៉ានៅទូទាំងប្រទេស និងកូដកម្មដោយមន្ត្រីសាធារណៈ ដែលអំពាវនាវដោយសហជីព និងគាំទ្រដោយក្រុមនិស្សិត បានកើតឡើងបន្ទាប់ពីបាតុកម្មពាក់ព័ន្ធនឹងតម្លៃនៃការរស់នៅ សេវាសាធារណៈ និងការអប់រំ ដែលបានបង្កឱ្យមានភាពចលាចលស៊ីវិលដ៏អាក្រក់បំផុតដែលប្រទេសបារាំងមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

​ភាពចលាចលនេះបានកើតឡើងក្នុងរយៈពេលត្រឹមតែ ៥ខែ ប៉ុណ្ណោះមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលអាចនឹងក្លាយជាការប្រកួតប្រជែងគ្នារវាងបេក្ខជនស្តាំនិយមជ្រុល លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ទល់នឹងគូប្រជែងឆ្វេងនិយម លោក ហ្សង់លុយ មេឡង់ហ្សុង (Jean-Luc Melenchon) នៅក្នុងការបោះឆ្នោតជុំទីពីរ។ ចំណែកឯលោក ម៉ាក្រុង ដែលកំពុងកាន់តំណែងក្នុងអាណត្តិទីពីររបស់លោក ហើយកំពុងធ្លាក់ចុះប្រជាប្រិយភាពនោះ មិនអាចឈរឈ្មោះបោះឆ្នោតម្តងទៀតបានឡើយ។

ប្រែសម្រួល៖ គីរី

To Top