ជំហររបស់លោក Netanyahu ធ្លាក់ចុះខ្សោយ ខណៈគណបក្សជ្វីហ្វអភិរក្ស និយមជ្រុលផ្អាកការគាំទ្រ
បរទេស៖ ជំហររបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅក្នុងការប្រកួតប្រជែងក្រោយការបោះឆ្នោត ដើម្បីបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានធ្លាក់ចុះខ្សោយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគណបក្សជ្វីហ្វអភិរក្សនិយមជ្រុល (ultra-Orthodox) មួយបានផ្អាកការគាំទ្របេក្ខជនណាមួយ ខណៈគណបក្សដឹកនាំដោយជនជាតិអារ៉ាប់មួយបានប្រកាសគាំទ្រគូប្រជែងដ៏សំខាន់របស់លោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ប្រធានាធិបតីអ៊ីស្រាអែល គ្រោងនឹងជួបពិភាក្សាជាមួយលោក Netanyahu និងគូប្រជែងនយោបាយដ៏សំខាន់របស់លោកគឺលោក Gadi Eisenkot ដើម្បីសម្រេចថាតើត្រូវជ្រើសរើសបុគ្គលមួយណាដើម្បីបង្កើតរដ្ឋាភិបាល បន្ទាប់ពីបានធ្វើការពិគ្រោះយោបល់ជាមួយបណ្តាគណបក្សតូចៗរួចមក។
ការបោះឆ្នោតរបស់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី២៧ ខែតុលា បានបញ្ចប់ទៅក្នុងភាពទាល់ច្រក ដោយទាំងលោក Netanyahu និងលោក Eisenkot ដែលជាអតីតមេបញ្ជាការយោធា សុទ្ធតែមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកផ្លូវច្បាស់លាស់ឆ្ពោះទៅរកសំឡេងភាគច្រើននៅក្នុងសភាបានឡើយ។
ស្ថានភាពនេះបានបង្កើតជាភារកិច្ចដ៏លំបាកមួយសម្រាប់ប្រធានាធិបតី លោក Isaac Herzog ដែលតួនាទីជាទូទៅរបស់លោកគ្រាន់តែជាពិធីការ ប៉ុន្តែពេលនេះបានភ្ជាប់មកជាមួយនូវការទទួលខុសត្រូវក្រោយការបោះឆ្នោត ក្នុងការជ្រើសរើសបេក្ខជនមួយរូបដែលលោកជឿជាក់ថាមានឱកាសល្អបំផុត ក្នុងការបំបែកភាពទាល់ច្រកនយោបាយ នៅក្នុងប្រទេសដែលកំពុងបែកបាក់គ្នាយ៉ាងខ្លាំងមួយនេះ។
លោក Herzog មានពេលរហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីធ្វើការសម្រេចចិត្ត។ លោក Netanyahu នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលចាំផ្ទះ រហូតដល់រដ្ឋាភិបាលចម្រុះថ្មីមួយត្រូវបានបង្កើតឡើង ឬតាមរយៈការបោះឆ្នោតមួយលើកទៀតដែលនឹងត្រូវរៀបចំឡើង ប្រសិនបើគ្មានបេក្ខជនណាមួយទទួលបានជោគជ័យ។
ទោះបីជាលោក Netanyahu ទទួលបានសំឡេងគាំទ្រលើសពីការរំពឹងទុក នៅក្នុងការបោះឆ្នោត ហើយគណបក្ស Likud របស់លោកផ្ទាល់ទទួលបានអាសនៈច្រើនជាងគេក៏ដោយ ក៏សម្ព័ន្ធភាពអ្នកជាតិនិយមនិងសាសនារបស់លោក បានបាត់បង់សំឡេងភាគច្រើនសម្រាប់ការគ្រប់គ្រងរដ្ឋាភិបាល។
នៅក្នុងការដើរថយក្រោយមួយសម្រាប់នាយករដ្ឋមន្ត្រីរូបនេះកាលពីថ្ងៃព្រហស្បតិ៍ គណបក្ស United Torah Judaism ដែលជាគណបក្សធំមួយក្នុងចំណោមគណបក្សធំៗទាំងពីរដែលតំណាងឱ្យអ្នកបោះឆ្នោតជ្វីហ្វអភិរក្សនិយមជ្រុល និងជាសម្ព័ន្ធមិត្តចម្រុះដ៏យូរអង្វែងរបស់លោក Netanyahu នោះ បានបដិសេធមិនផ្តល់អនុសាសន៍គាំទ្របេក្ខជនណាមួយដើម្បីបង្កើតរដ្ឋាភិបាលនោះទេ។
ប្រែសម្រួល៖ គីរី
