នាយករដ្ឋមន្ត្រីអង់គ្លេស លោក Burnham បញ្ជាក់ថា លោកពូទីន នឹងមិនត្រូវបានអញ្ជើញឱ្យ ចូលរួមកិច្ចប្រជុំកំពូល G20 នៅអង់គ្លេសឡើយ
ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក អេនឌី បឺនហាំ (Andy Burnham) បានថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅចក្រភពអង់គ្លេសនាឆ្នាំក្រោយនោះទេ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Economist នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅពេលត្រូវបានសាកសួរដោយកាសែត The Economist ថាតើលោក ពូទីន នឹងត្រូវបានអញ្ជើញដែរឬទេ លោក Burnham បានឆ្លើយតបយ៉ាងខ្លីថា៖ “ទេ”។ ការិយាល័យរបស់លោក Burnham មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានថ្លែងកាលពីខែកញ្ញាថា ទីក្រុងវ៉ាស៊ីនតោនបានអញ្ជើញលោក ពូទីន ឱ្យចូលរួមកិច្ចប្រជុំ G20 នៅទីក្រុងម៉ៃអាមី (Miami) ក្នុងខែធ្នូខាងមុខ ដោយបញ្ជាក់ថា វានឹងផ្តល់ឱកាសមួយសម្រាប់រូបលោកក្នុងការជួបពិភាក្សាជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំពិភពលោកដទៃទៀត។
រុស្ស៊ីនៅតែបន្តជាសមាជិកនៃក្រុមប្រទេស G20 ដដែល បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រទេសលោកខាងលិច ក្នុងការកាត់ផ្តាច់ឯកោប្រទេសនេះ បន្ទាប់ពីការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែនក៏ដោយ។ ជាទម្លាប់ ថ្នាក់ដឹកនាំនៃប្រទេសម្ចាស់ផ្ទះតែងតែអញ្ជើញសមាជិកទាំងអស់នៃប្លុកនេះ ឱ្យចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន។
កិច្ចប្រជុំកំពូលប្រចាំឆ្នាំ G20 សម្រាប់ឆ្នាំក្រោយ នឹងត្រូវប្រារព្ធឡើងនៅក្នុងខែវិច្ឆិកា នាទីក្រុង Manchester ដែលជាមជ្ឈមណ្ឌលនៃតំបន់ភាគពាយ័ព្យនៃប្រទេសអង់គ្លេស ដែលជាទីតាំងដែលលោក Burnham ធ្លាប់កាន់តំណែងជាអភិបាលក្រុងផងដែរ។
ប្រែសម្រួល៖ គីរី
