ព័ត៌មានអន្តរជាតិ

លោក Elon Musk យកប្រាក់ ៤៤៥លានដុល្លារទៅប្រថុយ ដើម្បីជួយគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ប៉ុន្តែត្រូវជួបបរាជ័យ

​បរទេស ៖ លោក Elon Musk បានចំណាយប្រាក់យ៉ាងហោចណាស់ ៤៤៥លានដុល្លារ នៅក្នុងការប្រថុយប្រកួតប្រជែង ដើម្បីជួយឱ្យគណបក្សសាធារណរដ្ឋ (Republicans) រក្សាអំណាចគ្រប់គ្រងសភា ដែលទំហំទឹកប្រាក់នេះ គឺស្មើនឹងប្រាក់សន្សំរាល់សេន របស់អ្នកដែលមានប្រាក់ខែ ១សែនដុល្លារក្នុងមួយឆ្នាំ សន្សំរយៈពេលរហូតដល់ ៤៤០០ឆ្នាំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន AP ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​សម្រាប់មហាសេដ្ឋីទ្រីលានដុល្លារ (Trillionaire) ដំបូងគេនៅលើពិភពលោករូបនេះ ទឹកប្រាក់នេះគ្រាន់តែជាចំនួនដ៏តិចតួចប៉ុណ្ណោះ ប៉ុន្តែទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនៃអាជីវកម្មដែលក្រុមហ៊ុនរបស់លោកធ្វើការជាមួយរដ្ឋាភិបាលសហព័ន្ធ មិនមែនជារឿងតូចតាចនោះឡើយ។

កាលពីយប់ថ្ងៃអង្គារ គណបក្សសាធារណរដ្ឋ ដែលធ្លាប់តែឱបក្រសោបលោក Musk បានទទួលបរាជ័យផ្ទួនៗ ដោយបានប្រគល់អំណាចគ្រប់គ្រងសភា ទៅឱ្យគណបក្សប្រជាធិបតេយ្យ (Democrats) ដែលជាគណបក្សតែងតែមានការប្រុងប្រយ័ត្នចំពោះមហាសេដ្ឋីមានបំផុតលើលោកសកម្មរូបនេះ និងមានបំណងចង់ដាក់កែវពង្រីកតាមដានមើលក្រុមហ៊ុន ក៏ដូចជាការងាររបស់លោកនៅឯនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (Department of Government Efficiency) ផងដែរ។

​ប្រហែលជាគ្មាននរណាម្នាក់រងការខាតបង់ធំធេង ជាងប្រធានាធិបតី Donald Trump នោះទេ កាលពីថ្ងៃអង្គារ។ ប៉ុន្តែក៏មានមនុស្សតិចតួចណាស់ ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ជាង លោក Musk ដែលបានយកលុយទៅប្រថុយយ៉ាងច្រើន ប៉ុន្តែបែរជាទទួលបានផលចំណេញ ពីការវិនិយោគក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏អាក្រក់បំផុតទៅវិញ។ សមាជិកសភាគណបក្សប្រជាធិបតេយ្យ កំពុងរង់ចាំតម្រង់ជួររួចជាស្រេច ដើម្បីចាត់វិធានការលើលោក Musk ជាមួយនឹងការកោះហៅ និងការស៊ើបអង្កេតដែលអាចកើតមាន។

​ខណៈដែលការបោះឆ្នោតដ៏សែនអាក្រក់បំផុតសម្រាប់គណបក្សសាធារណរដ្ឋក្នុងប្រវត្តិសាស្ត្រថ្មីៗនេះកំពុងប្រព្រឹត្តទៅ លោក Musk បាននិយាយលេងសើចនៅលើបណ្តាញសង្គម X ដែលលោកជាម្ចាស់ថា៖ “សង្ស័យតែអាវុធឡាស៊ែរអវកាសជ្រៀតជ្រែកការបោះឆ្នោតរបស់ខ្ញុំ មិនដំណើរការទេមើលទៅលើកនេះ” ដោយភ្ជាប់ជាមួយនូវរូបអារម្មណ៍ (Emoji) គ្រវីស្មា។

​បច្ចុប្បន្ន លោក Musk កំពុងប្រឈមមុខនឹងការគំរាមកំហែងថ្មីៗចំពោះប្រាក់ចំណេញរបស់លោក នៅតាមតំបន់នានារួមទាំងរដ្ឋតិចសាស់ ដែលជាកន្លែងលោកបានបោះទីតាំងខ្លួនឯង និងក្រុមហ៊ុនមួយចំនួនរបស់លោក។ លោក Musk បានចំណាយប្រាក់យ៉ាងហោចណាស់ ៥លានដុល្លារ ដើម្បីព្យាយាមជួយឱ្យអភិបាលរដ្ឋតិចសាស់មកពីគណបក្សសាធារណរដ្ឋ លោក Greg Abbott ជាប់ឆ្នោតឡើងវិញ ប៉ុន្តែត្រូវបរាជ័យ។

គណបក្សប្រជាធិបតេយ្យ ក៏បានទទួលអំណាចគ្រប់គ្រងសភាតំណាងរាស្ត្ររដ្ឋតិចសាស់ និងព្រឹទ្ធសភាអាមេរិកផងដែរ ដែលមួយផ្នែកគឺ បានមកពីការយកឈ្នះលើអគ្គរដ្ឋអាជ្ញារដ្ឋតិចសាស់មកពីគណបក្សសាធារណរដ្ឋ លោក Ken Paxton ដែលទោះបីជាទទួលបានអត្ថប្រយោជន៍ ពីការចំណាយ ១៥៨លានដុល្លាររបស់លោក Musk យ៉ាងណាក្តី ក៏នៅតែចាញ់ការប្រកួតប្រជែង យកអាសនៈព្រឹទ្ធសភា ទល់នឹងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោក James Talarico ។

​នេះគឺជាជ័យជម្នះទូទាំងរដ្ឋលើកដំបូង សម្រាប់គណបក្សប្រជាធិបតេយ្យនៅរដ្ឋតិចសាស់ ក្នុងរយៈពេលជាង ៣០ឆ្នាំ ហើយបេក្ខជនទាំងនោះបានឈ្នះ ដោយសារតែចំណែកមួយបានរិះគន់វាយប្រហារយ៉ាងចាស់ដៃលើលោក Musk ការលើកលែងពន្ធ និងប្រាក់ជំនួយដែលក្រុមហ៊ុនរបស់លោកទទួលបាន ព្រមទាំងទំនាក់ទំនងរបស់លោកជា មួយមន្ត្រីគណបក្សសាធារណរដ្ឋដែលជាប់ឆ្នោត។

ប្រែសម្រួល៖ គីរី

To Top