ដាណឺម៉ាកសន្យាផ្តល់ជំនួយយោធា មានតម្លៃ ៦៤៣ លានអឺរ៉ូ សម្រាប់អុយក្រែន
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានជួបពិភាក្សាអំពីបញ្ហា សន្តិសុខជាមួយមេដឹកនាំនៃបណ្តាប្រទេសតំបន់ណ័រឌិក នៅទីក្រុងកូប៉ិនហាក ខណៈដែលប្រទេសដាណឺម៉ាក បានប្រកាសបង្ហាញកញ្ចប់ជំនួយយោធាថ្មីមួយសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៤,៨ ពាន់លានក្រូណឺ (ស្មើនឹង ៦៤៣ លានអឺរ៉ូ)។
រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Løkke Rasmussen បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសដាណឺម៉ាក នឹងផ្តល់ថវិកាចំនួន ១៥០ លានក្រូណេ (ស្មើនឹង ២០ លានអឺរ៉ូ) ដើម្បីគាំទ្រដល់វិស័យថាមពលរបស់អ៊ុយក្រែន។
រូបភាពតាមទូរទស្សន៍បានបង្ហាញពីយន្តហោះរបស់លោក ហ្សេឡិនស្គី ដែលកំពុងចុះចតនៅក្នុងរដ្ឋធានីនៃប្រទេសដាណឺម៉ាក។ នៅថ្ងៃដដែលនោះ ការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមឡើងនៅក្នុងទីក្រុងអាប៊ូដាប៊ី ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានឧ្យដឹងថា៖ «ខ្ញុំមានមោទនភាពដែលបានស្វាគមន៍លោកប្រធានាធិបតី ហ្សេឡិនស្គី និងមេដឹកនាំនៃបណ្តាប្រទេសតំបន់ណ័រឌិក មកកាន់ប្រទេសដាណឺម៉ាក។ ការតស៊ូរបស់ប្រជាជនអ៊ុយក្រែន ដើម្បីអ៊ុយក្រែនដែលមានសេរីភាព និងអឺរ៉ុប ដែលមានសេរីភាព គឺនៅតែបន្តទៅមុខទៀត»៕
ប្រែសម្រួល ឈូក បូរ៉ា
