ប្រធានផ្នែកសន្តិសុខ របស់អ៊ីរ៉ង់ថា អ៊ីរ៉ង់នឹងមិនអនុញ្ញាត ឱ្យនាំចេញសារធាតុនុយក្លេអ៊ែរ ដែលបានចម្រាញ់រួច ទៅក្រៅប្រទេស សូម្បីតែបន្តិចបន្តួច
បរទេស៖ លោក Mohsen Rezaei ប្រធានផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ បានថ្លែងនៅក្នុងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍ថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យសារធាតុនុយក្លេអ៊ែរដែលបានចម្រាញ់រួច សូម្បីតែបន្តិចបន្តួចក៏ដោយ ត្រូវបាននាំចេញទៅក្រៅប្រទេស។ លោកក៏បានព្រមានផងដែរថា នឹងមានផលវិបាកកើតឡើង ប្រសិនបើមានការវាយប្រហារថ្មីណាមួយពីសំណាក់សហរដ្ឋអាមេរិក មកលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក Rezaei បានថ្លែងបែបនេះទៅកាន់ស្ថានីយទូរទស្សន៍ Al Mayadeen របស់ប្រទេសលីបង់ (ដែលគាំទ្រអ៊ីរ៉ង់) បន្ទាប់ពីមន្ត្រីអាមេរិកបានបង្ហាញជំហរថា មិនចាំបាច់មានសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។ អ្នកវិភាគមួយចំនួនបានកត់សម្គាល់ឃើញថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញឥរិយាបថទន់ភ្លន់ជាងមុន ចាប់តាំងពីគណបក្សសាធារណរដ្ឋបានបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា។
ប្រភពជាន់ខ្ពស់អ៊ីរ៉ង់ចំនួនពីរបានបង្ហើបឱ្យដឹងកាលពីខែឧសភាថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានចេញបញ្ជាមិនឱ្យនាំចេញសារធាតុអ៊ុយរ៉ាញ៉ូម ដែលត្រូវបានចម្រាញ់ដល់កម្រិតជិតអាចផលិតជាអាវុធបាននោះ ទៅកាន់បរទេសឡើយ។
លោក Rezaei ប្រធានផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ មិនមានការចរចាណាមួយកំពុងប្រព្រឹត្តទៅរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននោះទេ។
លោកបាននិយាយថា «រាល់ការវាយប្រហារថ្មី ពីសំណាក់សហរដ្ឋអាមេរិក នឹងត្រូវឆ្លើយតបវិញដោយការវាយប្រហារ ទៅលើមូលដ្ឋានទ័ពអាមេរិក ដែលស្ថិតនៅទីតាំងឆ្ងាយៗ»។ លោកបានបន្ថែមថា ក្នុងនោះរួមទាំងមូលដ្ឋានទ័ពអាមេរិក នៅក្នុងបណ្តាប្រទេសអឺរ៉ុបផងដែរ ប្រសិនបើមូលដ្ឋានទាំងនោះ ត្រូវបានប្រើប្រាស់ដើម្បីធ្វើការវាយប្រហារមកលើអ៊ីរ៉ង់។
ប្រែសម្រួលៈ តុលា
