ព័ត៌មានអន្តរជាតិ

កងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ វាយប្រហារបំផ្លាញទីតាំងរ៉ាដា របស់សហរដ្ឋអាមេរិក មួយកន្លែងនៅក្នុងប្រទេសបារ៉ែន

បរទេស៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានវាយប្រហារលើទីតាំងរ៉ាដា ជូនដំណឹងជាមុន របស់សហរដ្ឋអាមេរិកមួយកន្លែងនៅក្នុងប្រទេសបារ៉ែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបញ្ជាក់ថា ការវាយប្រហារនេះគឺ ជាការសងសឹក ចំពោះហេតុការណ៍ដែលត្រូវបានចោទប្រកាន់ថា ជាការវាយប្រហារតាមផ្លូវអាកាសដោយសត្រូវ ទៅលើប៉មទូរគមនាគមន៍មួយកន្លែងនៅតំបន់ Sirik ក្នុងខេត្ត Hormozgan ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ កងកម្លាំងនេះបានអះអាងថា ខ្លួនបានបំផ្លាញរ៉ាដានោះចោល ប៉ុន្តែទាំងការវាយប្រហារ និងការខូចខាតដែលបានរាយការណ៍មកនេះ មិនទាន់ត្រូវបានបញ្ជាក់ដោយប្រភពឯករាជ្យណាមួយនៅឡើយទេ។

មិនទាន់មានការបញ្ជាក់ណាមួយភ្លាមៗពីសំណាក់យោធាអាមេរិក ឬប្រទេសបារ៉ែននោះទេ។

ហេតុការណ៍នេះកើតឡើងនៅក្នុងបរិបទ នៃភាពតានតឹងដែលនៅតែបន្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ខណៈដែលកិច្ចចរចាសន្តិភាពកំពុងជាប់គាំង ហើយមានក្តីបារម្ភនៅឡើយ អំពីលទ្ធភាពនៃការចាប់ផ្តើមឡើងវិញ នូវប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក។

To Top