ព័ត៌មានអន្តរជាតិ

បំណុលគ្រួសារ នៅសហរដ្ឋអាមេរិកកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន ដល់កម្រិត ១៩,១ ទ្រីលានដុល្លារ, បំណុលទិញផ្ទះមានច្រើនជាងគេ

បរទេស៖ យោងតាមតួលេខ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា បំណុលគ្រួសារនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន គឺ ១៩,១ ទ្រីលានដុល្លារ ខណៈដែលអតិផរណាកំពុងរាលដាលពាសពេញសេដ្ឋកិច្ច។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលអាមេរិក (Federal Reserve) បានព្រមានថា ការដំឡើងអត្រាការប្រាក់ក្នុងល្បឿនលឿនជាងមុន អាចនឹងចាំបាច់ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃទំនិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា របាយការណ៍ពីធនាគារកណ្តាលអាមេរិកប្រចាំតំបន់ញូវយ៉ក (New York Fed) បង្ហាញថា បំណុលគ្រួសារបានកើនឡើងចំនួន ៥២០ ពាន់លានដុល្លារ ឬស្មើនឹង ២,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៦ ។ បំណុលទិញផ្ទះ គឺជាផ្នែកដ៏ធំបំផុតនៃការកើនឡើងប្រចាំឆ្នាំនេះ បន្ទាប់មកគឺប្រាក់កម្ចីទិញរថយន្ត, ប្រាក់កម្ចីដោយប្រើប្រាស់តម្លៃផ្ទះ ជាទ្រព្យបញ្ចាំ និងបំណុលកាតឥណទាន។

យោងតាមតួលេខដាច់ដោយឡែកមួយពី TransUnion បានបង្ហាញថា ការជំពាក់បំណុលកាតឥណទានសរុបបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ១,២៩ ទ្រីលានដុល្លារ ខណៈដែលបំណុលជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនដល់ ៦ ៦៧៨ ដុល្លារ។ យោងតាមទិន្នន័យរបស់ធនាគារកណ្តាលអាមេរិក កាតឥណទានគឺជាទម្រង់នៃការខ្ចីប្រាក់របស់អ្នកប្រើប្រាស់ដែលមានតម្លៃថ្លៃបំផុតមួយ ដោយអត្រាការប្រាក់លើសមតុល្យដែលនៅសល់មានកម្រិតជាមធ្យម ២២,៣៦% នៅក្នុងត្រីមាសទីបី។

នៅក្នុងត្រីមាសទីបី ប្រជាជនអាមេរិកកាន់តែខកខានក្នុងការសងបំណុលរបស់ពួកគេ ដោយ ៥% នៃបំណុលគ្រួសារសរុបបានហួសកាលកំណត់សង ដែលកើនឡើងពី ៤,៧% នៅក្នុងរយៈពេលបីខែមុននោះ។
ប្រែសម្រួលៈ តុលា

To Top