ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីវ័យ ៣៩ឆ្នាំរបស់ឥណ្ឌូនេស៊ី លាលែងពីតំណែង ជុំវិញបញ្ហាឯកសារបញ្ជាក់ការសិក្សា

បរទេស៖ អនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក Gibran Rakabuming Raka បានលាលែងពីតំណែង កាលពីថ្ងៃព្រហស្បតិ៍ ខណៈមានការចោទសួរកាន់តែខ្លាំងឡើង អំពីសិទ្ធិស្របច្បាប់របស់លោកក្នុងការកាន់តំណែងនេះ បន្ទាប់ពីសេចក្តីសម្រេច របស់តុលាការថ្មីៗនេះបានចោទជាសំណួរលើភាពត្រឹមត្រូវនៃឯកសារបញ្ជាក់ការសិក្សារបស់លោក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក Gibran Rakabuming Raka ដែលមានអាយុ ៣៩ ឆ្នាំ និងជាកូនប្រុសរបស់អតីតប្រធានាធិបតី លោក Joko Widodo បានដាក់លិខិតលាលែងពីតំណែងជូនថ្នាក់ដឹកនាំនៃសភាប្រឹក្សាប្រជាជន ដែលជាស្ថាប័ននីតិប្បញ្ញត្តិខ្ពស់បំផុតរបស់ប្រទេស នៅឯអគារសភាក្នុងរដ្ឋធានីហ្សាការតា។

លោក Widodo ដែលជាឪពុក បានថ្លែងប្រាប់អ្នកសារព័ត៌មានពីស្រុកកំណើតរបស់លោកនៅទីក្រុង Solo ថា «នៅក្នុងតំណែងសាធារណៈ តែងតែមានសក្ដានុពលនយោបាយជានិច្ច ហើយនោះជារឿងធម្មតា»។ លោកបានបន្ថែមថា លោកបានរំលឹកកូនប្រុសរបស់លោកថា តំណែងនយោបាយគឺជារឿងបណ្តោះអាសន្នប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ដោយសំដៅលើប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto ថា៖ «យើងនឹងបន្តគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតី Prabowo ជាពិសេសកម្មវិធីនានាដែលបម្រើដល់ផលប្រយោជន៍របស់សាធារណជនទូទៅ»។

ការស៊ើបអង្កេតលើលិខិតបញ្ជាក់ការសិក្សារបស់លោក ហាក់ដូចជាមិនពាក់ព័ន្ធនឹងការស៊ើបអង្កេតលើការចោទប្រកាន់ថា មន្ត្រីប៉ូលិសជាន់ខ្ពស់មួយចំនួនបានពាក់ព័ន្ធនឹងការលួចស្ដាប់ការសន្ទនារបស់ប្រធានាធិបតីនោះទេ។

មុនពេលលោក Prabowo ជ្រើសរើសរូបលោកជាដៃគូសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ លោក រ៉ាកា (Raka) មិនទាន់មានអាយុគ្រប់ ៤០ ឆ្នាំ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់បេក្ខជនអនុប្រធានាធិបតីនៅឡើយទេ។ ប៉ុន្តែ សេចក្តីសម្រេចដ៏ចម្រូងចម្រាសរបស់តុលាការកាលពីខែតុលា ឆ្នាំ ២០២៣ បានបង្កើតករណីលើកលែងមួយ ដោយអនុញ្ញាតឱ្យបុគ្គលដែលធ្លាប់កាន់តំណែង ឬធ្លាប់ត្រូវបានជ្រើសរើសជាមេដឹកនាំថ្នាក់តំបន់ អាចឈរឈ្មោះបានទោះបីជាមានអាយុតិចជាងនេះក៏ដោយ។

យោងតាមច្បាប់បោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី បេក្ខជនប្រធានាធិបតី ឬអនុប្រធានាធិបតី តម្រូវឱ្យបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ឬកម្រិតស្មើគ្នា។ ដោយសារលោក រ៉ាកា បានបញ្ចប់ការសិក្សានៅបរទេស លោកតម្រូវឱ្យដាក់ឯកសារបញ្ជាក់ថា កម្រិតការសិក្សារបស់លោកគឺស្មើនឹងសញ្ញាបត្រវិទ្យាល័យរបស់ប្រទេសឥណ្ឌូនេស៊ី។

សូមជម្រាបថា លោក រ៉ាកា គឺជាអនុប្រធានាធិបតីដំបូងគេរបស់ប្រទេសនេះ ដែលបានលាលែងពីតំណែងមុនចប់អាណត្តិ ចាប់តាំងពីការដួលរលំនៃរបបផ្តាច់ការរបស់លោក ស៊ូហាតូ (Suharto) និងការចាប់ផ្តើមនៃកំណែទម្រង់ប្រជាធិបតេយ្យនៅឥណ្ឌូនេស៊ីក្នុងឆ្នាំ ១៩៩៨។
ប្រែសម្រួលៈ តុលា

To Top