វ៉ាស៊ីនតោន៖ សេតវិមានបានប្រកាសថា លោក ដូណាល់ ត្រាំ (Donald Trump), លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងលោក ស៊ី ជីនពីង (Xi Jinping) នឹងរៀបចំជំនួបត្រីភាគីជាលើកដំបូងបំផុតរវាងមេដឹកនាំសហរដ្ឋអាមេរិក រុស្ស៊ី និងចិន នៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងសិនជិន (Shenzhen) នាទសប្តាហ៍ក្រោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
មន្ត្រីសហរដ្ឋអាមេរិកបានឱ្យដឹងថា លោក ត្រាំ ចង់ពិភាក្សាអំពីការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចពិភាក្សាត្រីភាគីនាថ្ងៃព្រហស្បតិ៍ ហើយលោកក៏គ្រោងនឹងលើកឡើងពីសង្គ្រាមរបស់លោកនៅប្រទេសអ៊ីរ៉ង់ផងដែរ ប៉ុន្តែលោកមិនត្រូវបានរំពឹងថានឹងពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បានប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំទាំងបីនឹងជួបប្រជុំគ្នានៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងទីក្រុងប៉ែកខាងត្បូងនៃប្រទេសចិនមួយនេះ។
លោកស្រី Wales បានមានប្រសាសន៍ថា៖ «ប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមប្រធានបទផ្សេងទៀត លោកនឹងពិភាក្សាអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរនៅលើពិភពលោក។ លោកប្រធានាធិបតី ត្រាំ ជឿជាក់ថា ការរីកសាយភាយអាវុធនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់»។
មន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ជម្លោះដ៏ធំមួយក្នុងចំណោមជម្លោះធំៗដែលគ្របដណ្តប់អាណត្តិទី២ របស់លោក ត្រាំ ជាប្រធានាធិបតី នឹងត្រូវបានលើកយកមកពិភាក្សា ប៉ុន្តែជម្លោះមួយទៀតនឹងមិនត្រូវបានលើកឡើងនោះទេ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានតាមរយៈការហៅទូរស័ព្ទថា៖ «ខ្ញុំគិតថា ប្រធានាធិបតីពិតជាមានបំណងចង់និយាយអំពីបញ្ហាអ៊ីរ៉ង់ នៅក្នុងជំនួបត្រីភាគីជាមួយលោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន»។
មន្ត្រីដដែលនេះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនមាន «ច្រកផ្លូវផ្សេងមួយទៀតទាំងស្រុង» សម្រាប់ការចរចាជាមួយទីក្រុងកៀវ (Kyiv) និងទីក្រុងមូស្គូ (Moscow) ក្នុងគោលបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយសំដៅទៅលើកិច្ចពិភាក្សាដែលបេសកជនសហរដ្ឋអាមេរិកទើបតែបានធ្វើកាលពីប៉ុន្មានថ្ងៃថ្មីៗនេះជាមួយលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។
មន្ត្រីរូបនេះបានបន្ថែមថា៖ «ប្រទេសចិនមិនមែនជាផ្នែកមួយនៃច្រកផ្លូវនោះទេ ដូច្នេះវាមើលទៅមិនស័ក្តិសមឡើយក្នុងការយកការពិភាក្សាអំពីបញ្ហាអ៊ុយក្រែនទៅជជែកនៅទីនោះ»។ មន្ត្រីបានឱ្យដឹងទៀតថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក អ៊ីលុន ម៉ាសក៍ (Elon Musk) នឹងអមដំណើរលោក ត្រាំ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ប៉ុន្តែលោកនឹងមិនចូលរួមក្នុងជំនួបជាមួយលោក ស៊ី និងលោក ពូទីន ឡើយ។
លោក ត្រាំ ក៏នឹងរៀបចំអាហារថ្ងៃត្រង់ការងារទ្វេភាគី និងមានជំនួបជាមួយប្រធានាធិបតីចិននៅថ្ងៃព្រហស្បតិ៍ផងដែរ ដែលនេះគឺជាជំនួបលើកទី៤ របស់ពួកគេ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានវិលត្រឡប់មកកាន់អំណាចវិញកាលពីឆ្នាំមុន។ ប៉ុន្តែ លោក ត្រាំ មិនមានគម្រោងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយលោក ពូទីន នោះទេ។
ក្នុងចំណោមប្រធានបទផ្សេងទៀត ការលាលែងពីតំណែងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ជុំវិញរឿងអាស្រូវស្នេហាជាមួយស្ត្រីដែលគេចោទប្រកាន់ថាជាចារជនចិន មិនត្រូវបានរំពឹងថានឹងត្រូវលើកឡើងក្នុងជំនួបរវាងលោក ត្រាំ និងលោក ស៊ី នោះទេ នេះបើតាមការបញ្ជាក់របស់មន្ត្រី។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកទី២ ម្នាក់បាននិយាយថា៖ «ស្ថានការណ៍ជាមួយក្រុមហ៊ុន Nvidia មិនគួរមានឥទ្ធិពលអ្វីមកលើដំណើរទស្សនកិច្ចនេះទេ»។
សហរដ្ឋអាមេរិកក៏មិនមានផែនការពិភាក្សាអំពីការគ្រប់គ្រងការនាំចេញបច្ចេកវិទ្យាបន្ទះឈីប (chip) ដ៏រសើប ដែលជាចំណុចស្នូលនៃរឿងអាស្រូវរបស់ក្រុមហ៊ុន Nvidia នោះដែរ។
មន្ត្រីទី២ រូបនេះបានសង្កត់ធ្ងន់ថា៖ «យើងមិនចរចាលើការគ្រប់គ្រងការនាំចេញរបស់អាមេរិកនោះទេ។ ទាំងនេះគឺជាបញ្ហាសន្តិសុខជាតិដែលយើងរៀបចំនៅក្នុងរដ្ឋបាល… ហើយយើងមិនរំពឹងថាវានឹងត្រូវលើកយកមកនិយាយទាល់តែសោះនៅក្នុងការសន្ទនាណាមួយរបស់យើងជាមួយភាគីចិន ខណៈពេលដែលយើងនៅទីនោះ»។
គួរបញ្ជាក់ថា លោក ត្រាំ នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទ ហើយនឹងទៅដល់ប្រទេសហ្វីលីពីននៅថ្ងៃអង្គារ សម្រាប់កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) មុនពេលបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងសិនជិន។
ប្រែសម្រួល៖ គីរី
