ព័ត៌មានអន្តរជាតិ

រឿងអាស្រូវ Nvidia-Megaspeed អាចនឹងរឹតត្បិតទំហំរបស់សិង្ហបុរីក្នុងវិស័យបន្ទះឈីប និងធ្វើឱ្យដំណើរការក្រុមហ៊ុននានាមានភាពយឺតយ៉ាវ

សិង្ហបុរី៖ អ្នកសង្កេតការណ៍បានប្រាប់សារព័ត៌មាន CNA ថា រឿងអាស្រូវបន្ទះឈីបដែលកំពុងបន្តពាក់ព័ន្ធនឹងក្រុមហ៊ុន Nvidia និង Megaspeed អាចនឹងធ្វើឱ្យស្ថានភាពកាន់តែលំបាកសម្រាប់ប្រទេសសិង្ហបុរី នៅក្នុងវិស័យគ្រឿងពាក់កណ្តាលចម្លង (semiconductor) នាពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអោយដឹងថា លោក Matthias Hendrichs ទីប្រឹក្សាក្រុមហ៊ុន AI ដែលមានមូលដ្ឋាននៅសិង្ហបុរី បានកត់សម្គាល់ថា សិង្ហបុរីមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយទាំងសហរដ្ឋអាមេរិក និងចិន ហើយអាជ្ញាធរនៅសិង្ហបុរីបាននិយាយថា ក្រុមហ៊ុននានាត្រូវតែគ្រប់គ្រងហានិភ័យនៃច្បាប់បរទេសដែលអនុវត្តចំពោះពួកគេ។ ​លោកបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ (ទី១២ វិច្ឆិកា) ថា៖ «ចំណុចលំបាកនោះគឺថា ទីក្រុងវ៉ាស៊ីនតោនកាន់តែចង់ដឹងថាអ្នកណាកំពុងប្រើប្រាស់បន្ទះឈីបទាំងនោះ…

សិង្ហបុរី៖ អ្នកសង្កេតការណ៍បានប្រាប់សារព័ត៌មាន CNA ថា រឿងអាស្រូវបន្ទះឈីបដែលកំពុងបន្តពាក់ព័ន្ធនឹងក្រុមហ៊ុន Nvidia និង Megaspeed អាចនឹងធ្វើឱ្យស្ថានភាពកាន់តែលំបាកសម្រាប់ប្រទេសសិង្ហបុរី នៅក្នុងវិស័យគ្រឿងពាក់កណ្តាលចម្លង (semiconductor) នាពេលឆាប់ៗនេះ។

នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអោយដឹងថា លោក Matthias Hendrichs ទីប្រឹក្សាក្រុមហ៊ុន AI ដែលមានមូលដ្ឋាននៅសិង្ហបុរី បានកត់សម្គាល់ថា សិង្ហបុរីមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយទាំងសហរដ្ឋអាមេរិក និងចិន ហើយអាជ្ញាធរនៅសិង្ហបុរីបាននិយាយថា ក្រុមហ៊ុននានាត្រូវតែគ្រប់គ្រងហានិភ័យនៃច្បាប់បរទេសដែលអនុវត្តចំពោះពួកគេ។

​លោកបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ (ទី១២ វិច្ឆិកា) ថា៖ «ចំណុចលំបាកនោះគឺថា ទីក្រុងវ៉ាស៊ីនតោនកាន់តែចង់ដឹងថាអ្នកណាកំពុងប្រើប្រាស់បន្ទះឈីបទាំងនោះ ទោះបីជាពួកវាស្ថិតនៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (data centre) នៅក្រៅប្រទេសចិនក៏ដោយ។ សិង្ហបុរីនៅតែអាចបន្តធ្វើអាជីវកម្មជាមួយភាគីទាំងសងខាង ប៉ុន្តែសម្រាប់បច្ចេកវិទ្យាជាក់លាក់មួយនេះ វានឹងមានចន្លោះប្រហោងកាន់តែតូចក្នុងការបត់បែន»។

​ការលើកឡើងរបស់អ្នកជំនាញនេះ ធ្វើឡើងស្របពេលដែលភាពចម្រូងចម្រាសនៅតែបន្តកើតមានជុំវិញក្រុមហ៊ុន Nvidia ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សមួយនេះ បានបើកការស៊ើបអង្កេតជាលើកដំបូងថាតើអតីតនាយកប្រតិបត្តិលោក Jensen Huang គឺជាគោលដៅនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់បរទេសដែរឬទេ។

​សារព័ត៌មាន The New York Times ធ្លាប់បានរាយការណ៍កាលពីពេលមុននេះថា លោក Huang មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយអ្នកស្រី Alice Huang ដែលជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Megaspeed មានមូលដ្ឋាននៅសិង្ហបុរី។ ការស៊ើបអង្កេតរបស់អាជ្ញាធរសហរដ្ឋអាមេរិកទៅលើអ្នកស្រី Huang ពីមុនមកបានសន្និដ្ឋានថា អ្នកស្រីកំពុងធ្វើសកម្មភាពជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិន។

​ក្រុមហ៊ុន Megaspeed ត្រូវបានសង្ស័យថាបានជួយរដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការទទួលបានបន្ទះឈីប (semiconductors) ទំនើបៗពីសហរដ្ឋអាមេរិក ដែលត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងមិនឱ្យនាំចេញទៅកាន់ប្រទេសចិន។

​សាស្ត្រាចារ្យរង Chong Ja Ian នៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានកត់សម្គាល់ថា ករណី Nvidia-Megaspeed មិនមែនជារឿងតែមួយគត់ដែលពាក់ព័ន្ធនឹងសិង្ហបុរីនោះទេ។

​ជាក់ស្តែង មនុស្ស ៥ នាក់ត្រូវបានចោទប្រកាន់នៅក្នុងប្រទេសសិង្ហបុរី ជុំវិញការសង្ស័យពីបទសមគំនិតក្លែងបន្លំដែលពាក់ព័ន្ធនឹងបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia។ លើសពីនេះ មនុស្ស ៩ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការឆ្មក់ចូលដោយអាជ្ញាធរសិង្ហបុរី បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា ជនអន្តរការីនៅក្នុងប្រទេសសិង្ហបុរីបានពាក់ព័ន្ធនឹងការចរាចរណ៍ខុសច្បាប់នូវបន្ទះឈីប Nvidia ទៅកាន់ប្រទេសចិន ដោយបំពានលើការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។

​លោកបានប្រាប់ CNA កាលពីថ្ងៃសុក្រថា៖ «ឧប្បត្តិហេតុទាំងនេះបានបន្ថែមទៅលើការយល់ឃើញអំពី 'ការលាងសម្អាតតាមរយៈសិង្ហបុរី' (Singapore washing) ដោយបង្កើតឱ្យមានការយល់ឃើញថា សកម្មភាពពាណិជ្ជកម្មដែលគួរឱ្យសង្ស័យហាក់ដូចជាអាចប្រព្រឹត្តទៅបានយ៉ាងងាយនៅក្នុងប្រទេសសិង្ហបុរី ទោះបីជាវាពាក់ព័ន្ធនឹងបន្ទះឈីប ឬបញ្ហាផ្សេងៗទៀតក៏ដោយ»។

​យ៉ាងណាមិញ លោកបណ្ឌិត Chong ក៏បានចង្អុលបង្ហាញផងដែរថា ខណៈពេលដែលសិង្ហបុរីបានបញ្ជាក់ថា ខ្លួនមិនអនុវត្តការគ្រប់គ្រងការនាំចេញឯកតោភាគីដែលដាក់ចេញដោយយុត្តាធិការបរទេសនោះទេ វាមិនមានន័យថា សិង្ហបុរី «មិនអាច» ធ្វើបាននោះឡើយ ដែលចំណុចនេះគឺ «ខុសគ្នាស្រឡះ» ហើយវាជាការកត់សម្គាល់មួយដ៏សំខាន់។

ប្រែសម្រួល៖ គីរី

To Top