ព័ត៌មានអន្តរជាតិ

បារាំង និងអាល្លឺម៉ង់ ខិតជិតឈាន ដល់កិច្ចព្រមព្រៀងជ្រើសរើសលោក De Cos សម្រាប់តំណែងកំពូលនៅធនាគារកណ្តាលអឺរ៉ុប (ECB) ខណៈសហភាពអឺរ៉ុបបញ្ជាក់ថា មានបេក្ខជនពីររូប

​បរទេស៖ មន្ត្រីសហភាពអឺរ៉ុបមួយរូបបានថ្លែងកាលពីថ្ងៃសុក្រ ស្របពេលដែលមេដឹកនាំសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុង Dublin (អៀរឡង់) ថា មានបេក្ខជនចំនួនពីររូបកំពុងប្រជែងគ្នាដើម្បីបន្តវេនពីលោកស្រី Christine Lagarde នៅធនាគារកណ្តាលអឺរ៉ុប (ECB)។ ក្នុងពេលជាមួយគ្នានេះ របាយការណ៍ចេញពីប្រទេសអេស្ប៉ាញ បានឱ្យដឹងថា បារាំង និងអាល្លឺម៉ង់ កំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការបែងចែកតំណែងកំពូល របស់ធនាគារកណ្តាលនេះ ដោយក្នុងនោះលោក Pablo Hernández de Cos ជនជាតិអេស្ប៉ាញ គឺជាបេក្ខជនដែលត្រូវបានគេពេញ ចិត្តជាងគេសម្រាប់តំណែងជាប្រធាន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី១៤ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​មន្ត្រីរូបនេះមិនបានបញ្ចេញឈ្មោះបេក្ខជនទាំងពីររូបនោះទេ ប៉ុន្តែដូចដែលសារព័ត៌មាន Euronews ធ្លាប់បានរាយការណ៍កន្លងមក អ្នកប្រជែងយកតំណែងនេះគឺលោក Pablo Hernández de Cos និងអតីតប្រធានធនាគារកណ្តាលហូឡង់ លោក Klaas Knot។

​ក្រុមប្រឹក្សារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ (Eurogroup) បានបញ្ជាក់ទទួលស្គាល់ការតែងតាំងបេក្ខជនទាំងពីររូបនេះ កាលពីសប្តាហ៍មុនរួចមកហើយ។ មន្ត្រីដដែលនេះបានឱ្យដឹងទៀតថា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa បានធ្វើបច្ចុប្បន្នភាពព័ត៌មាននេះជូនដល់ថ្នាក់ដឹកនាំកាលពីព្រឹកថ្ងៃសុក្រ ហើយលោកមានគោលបំណងចាប់ផ្តើមពិគ្រោះយោបល់ជាមួយសភាអឺរ៉ុប និងក្រុមប្រឹក្សាភិបាលរបស់ ECB នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែវិច្ឆិកា ខាងមុខនេះ។

​កាលបរិច្ឆេទផុតកំណត់ថ្មីមួយគឺថ្ងៃទី ១៨ ខែវិច្ឆិកា ត្រូវបានកំណត់សម្រាប់ការតែងតាំងដើម្បីបំពេញតំណែងទំនេរចំនួនពីរផ្សេងទៀត នៅក្នុងក្រុមប្រឹក្សាប្រតិបត្តិដែលមានសមាជិកប្រាំមួយរូបរបស់ធនាគារ ដែលមានភារកិច្ចគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ ECB។ តំណែងទាំងនោះរួមមាន ប្រធានសេដ្ឋវិទូ (Chief Economist) និងប្រធានប្រតិបត្តិការទីផ្សារ (Head of Market Operations) ដែលសុទ្ធសឹងតែជាតួនាទីដ៏មានសារៈសំខាន់នៅក្នុងជួរថ្នាក់ដឹកនាំ។

​បច្ចុប្បន្ន អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងស្ថិតក្នុងកិច្ចចរចា «យ៉ាងស្វិតស្វាញ» ដើម្បីពិភាក្សាតម្រង់ទិសលើបេក្ខជនទាំងនេះ។

​នៅទីក្រុង Dublin លោក Merz បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងហាក់ដូចជាជិតលេចចេញជារូបរាងហើយ ប៉ុន្តែវាមិនទាន់សម្រេចជាស្ថាពរនោះទេ ហើយលោកត្រូវការពេលពីរ ឬបីថ្ងៃទៀត ដើម្បីពិគ្រោះយោបល់ជាមួយដៃគូចម្រុះរបស់លោក មុនពេលបង្ហាញសំណើផ្លូវការរបស់អាល្លឺម៉ង់នៅសប្តាហ៍ក្រោយ។

ប្រែសម្រួល៖ គីរី

To Top