នាវាដឹកប្រេង បុកជាមួយនាវាកម្សាន្តនៅទីក្រុង New Orleans បណ្ដាលឱ្យមនុស្ស ៣២ នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ
បរទេស៖ នាវាដឹកប្រេងមួយគ្រឿង បានបុកជាមួយនាវាកម្សាន្តដ៏ប្រណិតមួយគ្រឿង ដែលកំពុងចូលចតនៅទីក្រុង New Orleans លើដងទន្លេ Mississippi កាលពីថ្ងៃសុក្រ។ ហេតុការណ៍នេះបានបណ្ដាលឱ្យនាវាកម្សាន្តនោះក្រឡាប់ និងលិច ខណៈដែលអ្នកដំណើរកំពុងប្រញាប់ប្រញាល់ចុះពីលើនាវា ហើយមនុស្សរាប់សិបនាក់ត្រូវបានធ្លាក់ចូលទៅក្នុងទឹក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

អភិបាលក្រុង New Orleans លោកស្រី Helena Moreno បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា អ្នកដំណើរទាំងអស់នៅលើនាវាដែលរងគ្រោះនោះ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបុគ្គលិកកំពង់ផែ ក្រុមពន្លត់អគ្គិភ័យ និង អ្នកឈរមើលនៅក្បែរនោះ បានប្រញាប់ប្រញាល់ទាញ អ្នកដំណើរដែលធ្លាក់ចូលក្នុងទឹក មកកាន់ទីសុវត្ថិភាព។
ដោយចាត់ទុកលទ្ធផលនៃការសង្គ្រោះនេះថាជា “អព្ភូតហេតុនៅលើទន្លេ Mississippi” លោកស្រីបានបញ្ជាក់ថា អ្នកដំណើរចំនួន ៣២ នាក់ពីនាវាកម្សាន្ត American Heritage របស់ក្រុមហ៊ុន American Cruise Lines ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ “ពុំមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរ ដល់កម្រិតគំរាមកំហែងដល់អាយុជីវិតនោះទេ”។
លោកស្រី Moreno បានបន្តថា មានអ្នកដំណើរ និងនាវិកសរុបប្រហែល ១៨០ ទៅ ១៩០ នាក់នៅលើនាវា American Heritage នៅពេលកើតហេតុ។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន American Cruise Lines នាវាកម្សាន្តនេះមានសមត្ថភាពផ្ទុកអ្នកដំណើរបានត្រឹម ១៥០ នាក់ និងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១៥។
អភិបាលក្រុងរូបនេះបានឱ្យដឹងទៀតថា គ្រោះថ្នាក់នេះបានកើតឡើងនៅពាក់កណ្តាលថ្ងៃ នៅពេលដែលនាវាដឹកប្រេងឈ្មោះ Atlantic Asphalt “បានបាត់បង់ការគ្រប់គ្រង ហើយរអិលទៅបុក” ជាមួយនាវាកម្សាន្តដែលកំពុងចូលចត។ ខណៈដែលអ្នកដំណើរកំពុងព្យាយាមរត់គេចខ្លួន នាវាកម្សាន្តក៏ចាប់ផ្តើមលិច ហើយនៅទីបំផុតក៏ “ក្រឡាប់ផ្ងារជើង” ដែលបណ្ដាលឱ្យមនុស្សធ្លាក់ចូលទៅក្នុងទន្លេ។
លោកស្រី Melanie Montroll ប្រធានប៉ូលិសកំពង់ផែ បានប្រាប់សារព័ត៌មានរួម New Orleans Advocate និង Times-Picayune ថា អ្នកដំណើរប្រហែល ៨៧ នាក់បានចុះពីលើនាវា American Heritage មុនពេលនាវានេះក្រឡាប់។ លោកស្រី Moreno បានកោតសរសើរចំពោះការឆ្លើយតបយ៉ាងរហ័សពីសំណាក់មន្ត្រីមូលដ្ឋាន មន្ត្រីរដ្ឋ មន្ត្រីសហព័ន្ធ និងប្រជាពលរដ្ឋនៅលើនាវាផ្សេងទៀត ដែលបានជួយទប់ស្កាត់មិនឱ្យមានការបាត់បង់អាយុជីវិតក្នុងឧបទ្ទវហេតុនេះ។
ទន្ទឹមនឹងនេះ កងឆ្មាំសមុទ្រសហរដ្ឋអាមេរិក (US Coast Guard) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ចរាចរណ៍ផ្លូវទឹកទាំងអស់ត្រូវបានបិទជាបណ្តោះអាសន្ននៅក្នុងតំបន់ក្បែរទីតាំងកើតហេតុបន្ទាប់ពីការប៉ះទង្គិចគ្នា។ ប្រធានក្រុមឆ្មាំសមុទ្រ លោកស្រី Melanie Burnham បានប្រាប់សារព័ត៌មាន New Orleans Advocate ថា នាវាដឹកប្រេងហាក់ដូចជាមានបញ្ហាប្រព័ន្ធចង្កូត ប៉ុន្តែមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះនៅតែស្ថិតក្រោមការស៊ើបអង្កេតបន្ត។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែល ក្រុមហ៊ុន American Cruise Lines បានបញ្ជាក់ថា ខ្លួនកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងឆ្មាំសមុទ្រ និងអាជ្ញាធរមូលដ្ឋាន។ ក្រុមហ៊ុនបានលើកឡើងថា៖ “ភ្ញៀវ និងនាវិកទាំងអស់ត្រូវបានជម្លៀសចេញ ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកដែលរងផលប៉ះពាល់ទាំងអស់”។
ប្រែសម្រួល៖ គីរី
