ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ ដោយសារក្តីរំពឹង ពីអតិរេកនៃការផ្គត់ផ្គង់ ទោះបីជាមានភាពតានតឹង នៅតំបន់ឈូងសមុទ្រមជ្ឈិមបូព៌ាក៏ដោយ

​បរទេស៖ តម្លៃប្រេងបានធ្លាក់ ចុះកាលពីថ្ងៃអង្គារ ខណៈដែលការរំពឹងទុកអំពីអតិរេក នៃការផ្គត់ផ្គង់  ដែលត្រូវបានជំរុញដោយការងើបឡើងវិញ នៃការនាំចេញពីតំបន់មជ្ឈិមបូព៌ា បានគ្របដណ្ដប់លើក្តីបារម្ភជុំវិញ ការវាយប្រហារជាបន្តបន្ទាប់មកលើកប៉ាល់ដឹកប្រេងនៅក្នុងតំបន់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNAថ្ងៃទី១៧ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​តម្លៃប្រេងឆៅប្រភេទ Brent (Brent crude futures) បានធ្លាក់ចុះ ៤៤សេន ឬស្មើនឹង ០,៥ភាគរយ មកនៅត្រឹម ៩២,០០ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០១:០២ (ម៉ោងសកល GMT) ខណៈដែលតម្លៃប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក (West Texas Intermediate) បានធ្លាក់ចុះ ៤៤សេន ឬ ០,៥ភាគរយ មកនៅត្រឹម ៨៥,២៨ ដុល្លារក្នុងមួយបារ៉ែល។

​លោក Tim Waterer ប្រធានអ្នកវិភាគនៅក្រុមហ៊ុន KCM Trade បានមានប្រសាសន៍ថា៖ “តម្លៃប្រេងកំពុងធ្លាក់ចុះ ខណៈដែលទីផ្សារកាន់ តែទទួលស្គាល់ថាការផ្គត់ផ្គង់ទីបំផុតបានតាមទាន់តម្រូវការ ហើយពេលនេះអាចនឹង ឈានដល់ចំណុចលើសតម្រូវការ (អតិរេក)។ ការផ្លាស់ប្តូរតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនេះ គឺជាកត្តាចម្បងដែលកំពុងដាក់សម្ពាធលើតម្លៃប្រេងនៅថ្ងៃនេះ។”

​ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានលើកឡើងកាលពីថ្ងៃសុក្រថា ទីផ្សារប្រេងពិភពលោកនឹង វិលត្រឡប់ទៅរកអតិរេកវិញនៅក្នុងត្រីមាសទី៤ នៃឆ្នាំនេះ ខណៈដែលការនាំចេញ របស់តំបន់មជ្ឈិមបូព៌ាងើបឡើងវិញ លឿនជាងតម្រូវការប្រេងសកល ទោះបីជាមានការវាយប្រហារលើការដឹកជញ្ជូនតាមកប៉ាល់ក៏ដោយ។

​ទោះបីជាមានសញ្ញានៃភាពប្រសើរឡើងនៃការផ្គត់ផ្គង់ក៏ដោយ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងការដឹកជញ្ជូននៅក្នុងឈូងសមុទ្រ និងច្រកសមុទ្រ ហ័រមូស (Hormuz) នៅតែបន្តកើតមាន ដែលរក្សាភាពមិនច្បាស់លាស់ជុំវិញផ្លូវនាំចេញប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
​លោក Waterer បានបញ្ជាក់បន្ថែមថា៖ “ហានិភ័យភូមិសាស្ត្រនយោបាយដែលបង្កឡើងដោយជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនទាន់បាត់ទៅណាទេ ប៉ុន្តែវាហាក់ដូចជាកំពុងថយឥទ្ធិពលជាបណ្តោះអាសន្ននៅពេលនេះ។”

​អង្គការ OPEC បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាលើការពិនិត្យឡើងវិញនូវសមត្ថភាពផលិតប្រកបដោយនិរន្តរភាពអតិបរមារបស់ប្រទេសសមាជិក ដែលនេះជាសកម្មភាពដ៏សំខាន់មួយក្នុងការជួយកំណត់កូតាផលិតកម្មរបស់ក្រុម OPEC+ សម្រាប់ឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់ទៀត ។ ក្រុមប្រទេសផលិតប្រេង OPEC+ ដ៏ធំទូលាយ ដែលរួមបញ្ចូលទាំងសម្ព័ន្ធមិត្ត ដឹកនាំដោយប្រទេសរុស្ស៊ី គ្រោងនឹង ជួបប្រជុំគ្នានៅថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីសម្រេចលើគោលនយោបាយ ផលិតកម្មឆ្នាំ២០២៧។

​ជាមួយគ្នានេះដែរ ស្តុកប្រេងឆៅនៅក្នុងឃ្លាំងបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក (US Strategic Petroleum Reserve) បានធ្លាក់ចុះមក នៅត្រឹម ២៧៦,៤ លានបារ៉ែលកាលពីសប្តាហ៍មុន ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីខែសីហា ឆ្នាំ១៩៨២ មក នេះបើយោងតាមទិន្នន័យពីក្រសួងថាមពល។ ការទាញយកប្រេងប្រើប្រាស់នាពេលថ្មីៗនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ចេញប្រេងចំនួន ១៧២លានបារ៉ែលពីទីតាំងស្តុកទុកនោះ។

ប្រែសម្រួល៖ គីរី

To Top