ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន វាយកម្ទេចស្ពានផ្លូវគោក នៅតំបន់គ្រីមៀ ដែលជាការវាយប្រហារ ដ៏ធ្ងន់ធ្ងរដល់លោកពូទីន មុនជំនួបជាមួយលោក ស៊ី ជិនពីន និងលោក ដូណាល់ ត្រាំ

បរទេស៖ យន្តហោះគ្មានអ្នកបើកបរ (ដ្រូន) និងមីស៊ីល របស់អ៊ុយក្រែន បានវាយកម្ទេចផ្នែកកណ្តាល នៃស្ពានដែលភ្ជាប់ប្រទេសរុស្ស៊ី ទៅកាន់តំបន់គ្រីមៀ (Crimea) ដែលនេះជាការវាយលុកទាំងផ្នែកយោធា និងជានិមិត្តរូបទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីរថ្ងៃមុនពេលលោកគ្រោងនឹងជួបជាមួយមេដឹកនាំចិន និងសហរដ្ឋអាមេរិក នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៦។

វីដេអូ និងរូបភាពដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) និងត្រូវបានផ្ទៀងផ្ទាត់ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ផ្នែកសំខាន់នៃស្ពាននេះបានបាក់ស្រុតចូល ទៅក្នុងសមុទ្រ ដោយបន្សល់ទុកនូវគម្លាតដ៏ធំមួយ បន្ទាប់ពីការវាយប្រហារចំនួនពីរដង ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា។

លោក ហ្សេលេនស្គី បានមានប្រសាសន៍ថា៖ «រុស្ស៊ីតែងតែវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងជារៀងរាល់ថ្ងៃ រួមទាំងស្ពាននានាផងដែរ» ។ លោកបានបន្ថែមថា៖ «យើងកំពុង… រំលឹកដល់រុស្ស៊ីថា សង្គ្រាមនឹងវិលត្រឡប់ ទៅរកកន្លែងដែលវាបានចាប់ផ្តើមជានិច្ច»។

ថ្លែងនៅក្នុងសារវីដេអូប្រចាំថ្ងៃរបស់លោកកាលពីយប់មិញ លោក ហ្សេលេនស្គី បានលើកឡើងថា ការវាយប្រហារនេះត្រូវបានអនុវត្តដោយសេវាសន្តិសុខអ៊ុយក្រែន (Ukraine Security Service) និងកងកម្លាំងអ៊ុយក្រែនទាំងអស់។

លោក ហ្សេលេនស្គី បានមានប្រសាសន៍ថា៖ «យើងបានប្រាប់រុស្ស៊ីជាយូរមកហើយថា៖ ល្មមបញ្ឈប់ការវាយប្រហារលើស្ពាន ទីក្រុង និងភូមិឋាន ហេដ្ឋារចនាសម្ព័ន្ធថាមពល ផ្លូវដែក និងនាវាដឹកគ្រាប់ធញ្ញជាតិទៅ។ ល្មមបញ្ឈប់សង្គ្រាមទៅ»។ លោកបន្តថា៖ «ប៉ុន្តែរាល់ពេល រុស្ស៊ីតែងតែជ្រើសរើសការបង្កើនភាពតានតឹងបន្ថែមទៀត»។

ស្ពានប្រវែង ១៩គីឡូម៉ែត្រនេះ គឺជាគម្រោងដ៏ធំមួយដែលត្រូវបានសម្ពោធដោយលោក ពូទីន ក្នុងឆ្នាំ២០១៨ និងជានិមិត្តរូប នៃការភ្ជាប់ទំនាក់ទំនងរបស់រុស្ស៊ីទៅនឹងឧបទ្វីបនេះ ដែលខ្លួនបានដណ្តើម និងកាត់យកពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤។

ពេលវេលានៃការវាយប្រហារនេះ គឺជាការបង្កភាពស្មុគស្មាញដល់មេដឹកនាំវិមានក្រឹមឡាំង (Kremlin) មុនពេលជំនួបរបស់លោកនៅទីក្រុងសិនជិន (Shenzhen) នាថ្ងៃព្រហស្បតិ៍ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលមេដឹកនាំទាំងបីត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន រួមជាមួយនឹងប្រធានបទផ្សេងៗទៀត។

លោក ហ្សេលេនស្គី បានបញ្ជាក់ថា ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក ដែលបានបំផ្លាញជាប្រព័ន្ធនូវប្រព័ន្ធការពារអាកាស ប្រព័ន្ធរ៉ាដា និងសមត្ថភាពសង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ី។

លោក Sergei Aksyonov អភិបាលតំបន់គ្រីមៀដែលត្រូវបានតែងតាំងដោយរុស្ស៊ី បាននិយាយថា មនុស្សពីរនាក់បានស្លាប់ ហើយចរាចរណ៍ផ្លូវគោកត្រូវបានផ្អាក។ ចំណែកឯចរាចរណ៍ផ្លូវដែកបានចាប់ផ្តើមដំណើរការឡើងវិញមួយផ្នែក បន្ទាប់ពីការផ្អាកមួយរយៈ។

ប្រែសម្រួល៖​ គីរី

To Top