Huawei លើកឡើងថា សហរដ្ឋអាមេរិកបាន «មួលបង្កាច់យ៉ាងអាក្រក់» លើសកម្មភាពអាជីវកម្មរបស់ខ្លួន និងបានបរាជ័យក្នុងការស្វែង រកភស្តុតាងដាក់បន្ទុកក្នុងសវនាការ
បរទេស៖ មេធាវីការពារក្ដីរបស់ក្រុមហ៊ុន Huawei បានលើកឡើងកាលពីថ្ងៃអង្គារថា រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបាន “មួលបង្កាច់យ៉ាងអាក្រក់” (sinister spin) ទៅលើសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ហើយបន្ទាប់ពីការផ្តល់សក្ខីកម្ម អស់រយៈពេលពីរខែមក ពួកគេបានបរាជ័យក្នុងការបង្ហាញភស្តុតាង ដើម្បីបញ្ជាក់ពីបទចោទប្រកាន់ព្រហ្មទណ្ឌ ខណៈដែលដំណើរការក្តីប្រឆាំងនឹងក្រុមហ៊ុននេះខិតជិតដល់ទីបញ្ចប់ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
រដ្ឋអាជ្ញាបានចោទប្រកាន់ក្រុមហ៊ុន Huawei ពីបទរៀបចំផែនការបោកប្រាស់ធនាគារ HSBC (HSBA.L) រួមទាំងធនាគារផ្សេងទៀត ពាក់ព័ន្ធនឹងអាជីវកម្មរបស់ខ្លួននៅប្រទេសអ៊ីរ៉ង់ និងពីបទសមគំនិតលួចអាថ៌ កំបាំងពាណិជ្ជកម្មពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកចំនួនប្រាំ។ ក្រុមហ៊ុននេះក៏ត្រូវបានចោទប្រកាន់ថាជា “ស្ថាប័នព្រហ្មទណ្ឌ” (criminal enterprise) ផងដែរ។
លោក Brian Heberlig មេធាវីការពារក្តី បានប្រាប់គណៈវិនិច្ឆ័យនៅតុលាការសហព័ន្ធ Brooklyn ក្នុងសេចក្តីសន្និដ្ឋានបិទបញ្ចប់របស់លោកថា៖ «ពួកគេបានចាប់ផ្តើមដោយការសន្មតកំហុសរួចទៅហើយ ទើបធ្វើការស៊ើបអង្កេតថយក្រោយវិញ»។ លោកបន្ថែមថា៖ «នៅពេលដែលភស្តុតាងមិនស៊ីសង្វាក់នឹងទ្រឹស្តីរបស់ពួកគេ ពួកគេក៏បានផ្លាស់ប្តូរគោលដៅតែម្តង»។
រដ្ឋាភិបាលអាមេរិកបានផ្តល់រូបភាពខុសគ្នាទាំងស្រុងអំពីក្រុមហ៊ុននេះកាលពីថ្ងៃចន្ទ ដោយរដ្ឋអាជ្ញាបានបញ្ជាក់ថា ពួកគេមានភស្តុតាងគ្រប់គ្រាន់ដែលមិនអាចប្រកែកបានថា Huawei ពិតជាបានប្រតិបត្តិការជាស្ថាប័នព្រហ្មទណ្ឌមែន។
អ្នកស្រី Meredith Arfa រដ្ឋអាជ្ញា បានលើកឡើងក្នុងសេចក្តីសន្និដ្ឋានរបស់អ្នកស្រីថា៖ «អស់រយៈពេល ២០ឆ្នាំមកនេះ Huawei បានប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ដោយកំណត់គោលដៅលើក្រុមហ៊ុនអាមេរិក ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក និងរដ្ឋាភិបាលអាមេរិក»។ អ្នកស្រីបញ្ជាក់ថា៖ «វាដល់ពេលដែលត្រូវឱ្យ Huawei ទទួលខុសត្រូវហើយ»។
ប៉ុន្តែលោក Heberlig បានតវ៉ាថា ធនាគារទាំងអស់សុទ្ធតែបានដឹងថា Huawei មានប្រតិបត្តិការនៅប្រទេសអ៊ីរ៉ង់ ដែលកំពុងស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា ធនាគារទាំងនោះបានទទួលយកហានិភ័យ និងបានប្រកួតប្រជែងគ្នាដើម្បីទទួលបានមុខជំនួញពី Huawei។
ទាក់ទងនឹងការចោទប្រកាន់ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម លោក Heberlig បាននិយាយថា «រដ្ឋាភិបាលបានរើសយកតែហេតុការណ៍មួយចំនួនតូច… ហើយព្យាយាមប្រែក្លាយវាទៅជាការសមគំនិតដែលមានរយៈពេលរហូតដល់ ២០ឆ្នាំ»។ លោកបានសង្កត់ធ្ងន់ថា៖ «Huawei មិនបានលួចចម្លងដើម្បីឈានទៅរកភាពជោគជ័យនោះទេ។ ពួកគេទទួលបានវាដោយសមត្ថភាពពិតប្រាកដ យ៉ាងសាមញ្ញនិងច្បាស់លាស់»។
សំណុំរឿង Huawei នេះបានក្លាយជាព័ត៌មានដ៏កក្រើកកាលពីឆ្នាំ២០១៨ នៅពេលដែលអ្នកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ប្រធានផ្នែកហិរញ្ញវត្ថុ និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដា តាមដីកាតាមចាប់ខ្លួនរបស់សហរដ្ឋអាមេរិក ជុំវិញការជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់ពីការបោកប្រាស់ធនាគារ។ អ្នកស្រីបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋអាជ្ញាកាលពីឆ្នាំ២០២១ ហើយបទចោទប្រកាន់ប្រឆាំងនឹងរូបអ្នកស្រីត្រូវបានទម្លាក់ចោល ប៉ុន្តែសំណុំរឿងប្រឆាំងនឹងក្រុមហ៊ុននៅតែបន្តអូសបន្លាយ។
គណៈវិនិច្ឆ័យទំនងជានឹងចាប់ផ្តើមធ្វើការពិចារណាសម្រេចក្តីនៅថ្ងៃពុធ។ សំណុំរឿងនេះបានបើកសវនាការកាលពីខែកញ្ញា។ ភាគីរដ្ឋអាជ្ញាបាននាំយកសាក្សីជាង ៦០នាក់មកផ្តល់សក្ខីកម្ម ខណៈដែលភាគីការពារក្តីមានសាក្សីប្រមាណ ១៥នាក់។
គណៈវិនិច្ឆ័យនឹងត្រូវប្រកាសសាលក្រមរបស់ខ្លួន ខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកំពុងកើនឡើងកម្តៅនៅក្នុង សមរភូមិប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងចំពេលដែលមានបទឈប់បាញ់ ផ្នែកពាណិជ្ជកម្មដ៏ផុយស្រួយរវាងប្រទេសទាំងពីរ។
ប្រែសម្រួល៖ គីរី
