ព័ត៌មានអន្តរជាតិ

ប៉ូលិសឥណ្ឌូណេស៊ី បណ្តេញមន្ត្រីម្នាក់ចេញពីក្របខ័ណ្ឌ ពាក់ព័ន្ធការសង្ស័យលួចស្តាប់ ទូរស័ព្ទរបស់ប្រធានាធិបតី

ចាកាតា៖ កងកម្លាំងប៉ូលិសឥណ្ឌូណេស៊ី បានសម្រេចបណ្តេញមន្ត្រីម្នាក់ចេញពីតំណែង ដែលត្រូវបានចាត់ទុក ជាជនសង្ស័យព្រហ្មទណ្ឌ នៅក្នុងគម្រោងការលួចតាមដានទូរស័ព្ទរបស់ប្រធានាធិបតីលោក ត្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត សកម្មជន និងអ្នកសារព័ត៌មាន ។ នេះបើតាមការបញ្ជាក់ របស់អ្នកនាំពាក្យបន្ទាប់ពីបញ្ចប់សវនាការវិន័យ និងក្រមសីលធម៌ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Eko Hadi Santoso អតីតអគ្គស្នងការរងប៉ូលិស បានឆ្លងកាត់សវនាការក្រមសីលធម៌រយៈពេលជិត ៩ម៉ោង ជុំវិញការចោទប្រកាន់ពីបទរំលោភអំណាច និងការប្រើប្រាស់សម្ភារៈរបស់ស្ថាប័នប៉ូលិសដោយគ្មានដីកាអនុញ្ញាត។ នេះបើតាមការថ្លែងរបស់អ្នកនាំពាក្យលោក Trunoyudo Wisnu Andiko។

ក្រោយបញ្ចប់សវនាការ លោក Trunoyudo បានបញ្ជាក់ថា មន្ត្រីរូបនេះត្រូវបាន «បណ្តេញចេញពីក្របខ័ណ្ឌប៉ូលិសដោយគ្មានកិត្តិយស (dishonourably discharged)»។

លោក Eko ត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ ជាមួយមន្ត្រីប៉ូលិសជាន់ខ្ពស់ពីររូបផ្សេងទៀត រួមទាំងអតីតអគ្គស្នងការប៉ូលិសជាតិលោក Listyo Sigit Prabowo ដែលមិនមានជាប់សាច់ញាតិនឹងប្រធានាធិបតីឡើយ។ ចំណែកឯមន្ត្រីទីបួន ក៏ត្រូវបានចាត់មុខជាជនសង្ស័យផងដែរ។

លោក Trunoyudo បានមានប្រសាសន៍ថា៖ «គាត់បានឃុបឃិតគ្នាក្នុងការលួចស្តាប់ទូរស័ព្ទដោយខុសច្បាប់ តាមរយៈការប្រើប្រាស់សិទ្ធិចូលដំណើរការ ឬឧបករណ៍របស់ប៉ូលិសឥណ្ឌូណេស៊ី ដើម្បីអនុវត្តការលួចស្តាប់ដែលបំពាននីតិវិធី និងគ្មានវិជ្ជាជីវៈ»។

ប្រែសម្រួល៖​ គីរី

To Top