ហេតុអ្វីបានជាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នៅតែមិនទាន់លេចចេញជារូបរាង បន្ទាប់ពីការចរចាអស់ជាច្រើនទសវត្សរ៍?
សិង្ហបុរី៖ បន្ទាប់ពីការខិតខំប្រឹងប្រែង អស់ជាច្រើនទសវត្សរ៍ ដើម្បីបង្កើតច្បាប់សម្រាប់ការគ្រប់គ្រង ជម្លោះនៅសមុទ្រចិនខាងត្បូង អាស៊ាន និងចិន នៅមិនទាន់អាចបញ្ចប់ការចរចាលើក្រមប្រតិបត្តិ សម្រាប់តំបន់ផ្លូវទឹកដែលមានជម្លោះដ៏តានតឹងនេះនៅឡើយទេ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
កាលពីថ្ងៃអាទិត្យ (ទី១៥ ខែវិច្ឆិកា) ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅទីក្រុងម៉ានីល លោកស្រី Theresa Lazaro រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន បានមានប្រសាសន៍ថា ប្រមាណ ៨០ភាគរយនៃអត្ថបទចរចាត្រូវបានឯកភាពគ្នាជាបណ្តោះអាសន្ន ប៉ុន្តែលោកស្រីក៏បានទទួលស្គាល់ថា «នៅមិនទាន់មានការសន្និដ្ឋានជាស្ថាពរនៅឡើយទេ»។
លោកស្រីបានបញ្ជាក់ថា ភាពខុសគ្នានៃគោលជំហររវាងបណ្តាប្រទេសសមាជិកអាស៊ាន និងចិន ក៏ដូចជាពេលវេលាដែលត្រូវការសម្រាប់ការចរចា គឺជាឧបសគ្គរារាំងមិនឱ្យកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់នៅក្នុងឆ្នាំនេះ។
ក្រុមអ្នកជំនាញដែលបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន CNA បានចង្អុលបង្ហាញពីបញ្ហាចម្រូងចម្រាសសំខាន់ៗមួយចំនួន រួមទាំងវិសាលភាពភូមិសាស្ត្រនៃក្រមប្រតិបត្តិនេះ និងថាតើវានឹងមានកាតព្វកិច្ចចងក្រងតាមផ្លូវច្បាប់ដែរឬទេ ដែលទាំងនេះគឺជាចំណុចដ៏លំបាកក្នុងការជម្នះ។
លោកបណ្ឌិត Ian Storey អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS-Yusof Ishak បានមានប្រសាសន៍ថា៖ «ត្រូវតែមានទំនុកចិត្តរវាងប្រទេសទាមទារសិទ្ធិនៅអាស៊ីអាគ្នេយ៍ និងប្រទេសចិន»។ លោកបន្ថែមថា៖ «នៅក្នុងករណីហ្វីលីពីន និងចិន កង្វះខាតទំនុកចិត្តនេះបានរីកធំឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
ប្រទេសហ្វីលីពីនបានចាត់ទុកការបញ្ចប់ការចរចានេះជាអាទិភាពក្នុងអាណត្តិជាប្រធានអាស៊ានរបស់ខ្លួន។ ភារកិច្ចនេះនឹងត្រូវផ្ទេរទៅឱ្យប្រទេសសិង្ហបុរី នៅពេលដែលប្រទេសនេះទទួលតំណែងជាប្រធានផ្លាស់វេនរបស់ប្លុកតំបន់នេះនៅឆ្នាំ២០២៧។
សារព័ត៌មាន CNA បានពិនិត្យមើលអំពីមូលហេតុដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះពិបាកនឹងសម្រេចបាន អ្វីដែលនៅសេសសល់មិនទាន់ដោះស្រាយ និងថាតើក្រមប្រតិបត្តិដែលបានបញ្ចប់ជាស្ថាពរ ពិតជានឹងអាចផ្លាស់ប្តូរអាកប្បកិរិយានៅក្នុងសមុទ្រចិនខាងត្បូងបានដែរឬទេ។
ក្រមប្រតិបត្តិ (Code of Conduct) នេះ មានគោលបំណងបង្កើតច្បាប់ដើម្បីគ្រប់គ្រងភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ ដែលនៅទីនោះ ការទាមទារដែនសមុទ្រដ៏ធំធេងរបស់ទីក្រុងប៉េកាំងមានការត្រួតស៊ីគ្នាជាមួយនឹងបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។
លោក Gregory Poling មកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងក្នុងការតាក់តែងក្រមប្រតិបត្តិនេះ មានតាំងពីកិច្ចប្រជុំអាស៊ានឆ្នាំ១៩៩៥ មកម្ល៉េះ ដែលមានគោលបំណងគ្រប់គ្រងជម្លោះដែនសមុទ្រត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង។
លោក Poling នាយក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍ និងគំនិតផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ីនៅ CSIS បានមានប្រសាសន៍ថា៖ «វាមិនមែនជាការបែងចែកកោះនោះទេ ប៉ុន្តែជាការកំណត់ច្បាប់ទម្លាប់ដែលគ្រប់គ្នាអាចយល់ព្រមបាន»។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការចរចាបានជួបប្រទះភាពទាល់ច្រក បន្ទាប់ពីអាស៊ានបានយល់ព្រមផ្ទៃក្នុង លើសេចក្តីព្រាងមួយនៅឆ្នាំ១៩៩៨ ដែលត្រូវបានដាក់ជូនទៅប្រទេសចិន។
លោកបានបញ្ជាក់ថា ៖ «នោះហើយជាមូលហេតុដែលពួកគេ ត្រូវសម្របសម្រួលទទួលយកសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ដែលមិនមានកាតព្វកិច្ចចងក្រងតាមផ្លូវច្បាប់។ ហើយគោលជំហររបស់អាស៊ានតែងតែចង់ឱ្យវាឈានទៅរកការចរចាលើក្រមប្រតិបត្តិ (COC) ជាបន្ទាន់ ហើយ DOC គ្រាន់តែជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ»។
ប្រែសម្រួល៖ គីរី
