បទវិភាគ៖ ដំណើរការប្រកបដោយ ស្ថិរភាពជាទូទៅ សេដ្ឋកិច្ចចិន មានសង្ឃឹមបន្តនិន្នាការអភិវឌ្ឍន៍ ឆ្ពោះទៅរកភាពថ្មីនិងភាពល្អប្រសើរ
“នៅខែតុលា តម្លៃបន្ថែមនៃឧស្សាហកម្មធុនមធ្យមនិងធំនៅទូទាំងប្រទេសចិនបានកើនឡើង ៤,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន តម្លៃសរុបនៃការនាំចេញនាំចូលទំនិញមាន ៤លាន៨សែន៦ម៉ឺន៨ពាន់៣រយលានយាន់ប្រាក់ចិន ដែលកើនឡើង ៣១,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន តម្លៃប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេសចិនបានកើនឡើង ០,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយមិនផ្លាស់ប្តូរបើប្រៀបធៀបនឹងខែកញ្ញា”…កាលពីថ្ងៃទី១៦ ខែវិច្ឆិកា លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិន ប្រធានសេដ្ឋវិទូនិងជាប្រធាននាយកដ្ឋានស្ថិតិចម្រុះនៃសេដ្ឋកិច្ចជាតិចិនបានថ្លែងនៅពេលធ្វើបទបង្ហាញអំពីការដំណើរការសេដ្ឋកិច្ចចិននៅខែតុលាថា សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធ បន្តរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងឆ្ពោះទៅវិវឌ្ឍន៍ថ្មី និងភាពល្អប្រសើរ ដោយបង្ហាញពីភាពធន់ និងភាពរស់រវើកដ៏ខ្លាំងក្លា ដែលលក្ខណៈពិសេសនៃ“ស្ថិរភាព”បានកើនឡើងយ៉ាងច្បាស់លាស់ ។
“ស្ថិរភាព” បានបង្ហាញលើវិស័យទាំង៥៖ ការផលិតនិងការផ្គត់ផ្គង់កើនឡើងប្រកបដោយស្ថិរភាព ទីផ្សារប្រើប្រាស់ដំណើរការដោយមានស្ថិរភាព និន្នាការកំណើនពាណិជ្ជកម្មជាមួយបរទេសមានស្ថិរភាព ស្ថានភាពឱកាសការងារធ្វើ និងតម្លៃទំនិញមានស្ថិរភាព និងជំហាននៃការធ្វើបរិវត្តកម្មនិងលើកកម្ពស់កម្រិតមានស្ថិរភាព ។
លោក Fu Linghui បានថ្លែងថា ក្នុងបរិបទដែលការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយអន្តរជាតិបន្តកើតឡើង ទីផ្សារថាមពលសកលប្រែប្រួលយ៉ាងខ្លាំង ហើយថ្លៃដឹកជញ្ជូននាវាចរណ៍សកលកើនឡើងយ៉ាងខ្លាំង ដូច្នេះការរក្សាផលិតកម្មដែលមានស្ថិរភាពគឺមានភាពពិបាកណាស់ ។ ដោយពឹងផ្អែកលើឧត្តមភាពនៃប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ ចិនបានបង្កើនយ៉ាងសកម្មនូវកម្លាំងធានាការផ្គត់ផ្គង់ថាមពល ធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញឱ្យការផលិតកើនឡើងប្រកបដោយស្ថិរភាព ។
ទំនុកចិត្តលើ “ស្ថិរភាព” នៃការដំណើរការសេដ្ឋកិច្ចបានពង្រឹងយ៉ាងខ្លាំង ដែលចំណុចសំខាន់គឺការធ្វើបរិវត្តកម្ម និងលើកកម្ពស់កម្រិតសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ។ នៅខែតុលា តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ១៧,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលលឿនជាងខែកញ្ញាបន្តិច។ ការធ្វើបរិវត្តកម្មបៃតងមានភាពកាន់តែស៊ីជម្រៅ ហើយបរិមាណផលិតរថយន្តថាមពលថ្មីនៅខែតុលាបានកើនឡើង ១៧,១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ នវានុវត្តន៍ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ផ្នែកឧស្សាហកម្មបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ សមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗបានកើតឡើងជាបន្តបន្ទាប់ ឧស្សាហកម្មថ្មី ទម្រង់អាជីវកម្មថ្មី និងផលិតផលថ្មីមាននិន្នាការអភិវឌ្ឍន៍ល្អប្រសើរ ការកែសម្រួលនិងដំឡើងកម្រិតនៃឧស្សាហកម្មប្រពៃណីកំពុងបង្កើនល្បឿន ឌីជីថលូបនីយកម្ម និងភាពឆ្លាតវៃកំពុងអភិវឌ្ឍន៍ដោយរួមបញ្ចូលគ្នា ដែលបានគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ។
ទីផ្សារប្រើប្រាស់បានដំណើរការប្រកបដោយស្ថិរភាពក៏ជាការបង្ហាញមួយនៃស្ថិរភាពសេដ្ឋកិច្ចខែតុលាផងដែរ ។ ពីខែមករាដល់ខែតុលា បរិមាណលក់រាយសរុបនៃទំនិញ និងសេវាកម្មប្រើប្រាស់ក្នុងសង្គមបានកើនឡើង ២,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដោយបន្តបង្ហាញនិន្នាការពង្រីកទំហំ និងលើកកម្ពស់គុណភាព ។ ក្នុងនោះ តម្លៃលក់រាយសេវាកម្មកើនឡើង ៤,៩ភាគរយ ដែលបានក្លាយជាកម្លាំងជំរុញសំខាន់ក្នុងការពង្រីកទីផ្សារប្រើប្រាស់ ។
លក្ខណៈពិសេសនៃ “ស្ថិរភាព” ក៏បង្ហាញនៅលើនិន្នាការកំណើនពាណិជ្ជកម្មជាមួយបរទេសដែលមានស្ថិរភាពផងដែរ ។ ចិនបានពង្រីកយ៉ាងសកម្មនូវការបើកទូលាយកម្រិតខ្ពស់ ប្រកាន់ខ្ជាប់ការបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសនានាឈរលើមូលដ្ឋានដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ឈ្នះ-ឈ្នះ និងផ្តល់ការផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់ដល់ដៃគូពាណិជ្ជកម្ម ។
នៅខែតុលា តម្លៃសរុបនៃការនាំចេញ-នាំចូលរបស់ចិនបានកើនឡើង ៣១,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយបានរក្សាកំណើនយ៉ាងឆាប់រហ័សបង្គួរតាំងពីដើមឆ្នាំនេះមក ។
កំណើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមិនត្រឹមតែបំពេញតម្រូវការរបស់ដៃគូពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវកាលានុវត្តភាពថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មសកលផងដែរ ។
ប្រឈមមុខនឹងបរិយាកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលដែលមានការប្រែប្រួលមិនទៀងទាត់ តម្លៃនាំចេញនិងនាំចូលរបស់ចិន បានរក្សាកំណើនពីរខ្ទង់យ៉ាងឆាប់រហ័សជាប់ៗគ្នាក្នុងរយៈពេលជាច្រើនខែ ដោយសារតែប្រព័ន្ធឧស្សាហកម្មពេញលេញ និងឧត្តមភាពទីផ្សារទ្រង់ទ្រាយធំរបស់ចិន ។
ដោយពឹងផ្អែកលើខ្សែសង្វាក់ឧស្សាហកម្មពេញលេញ ការរៀបចំទីផ្សារចម្រុះ និងប្រព័ន្ធការបើកទូលាយដែលកំពុងពង្រីកជាបន្តបន្ទាប់ តួនាទីគាំទ្ររបស់ពាណិជ្ជកម្មបរទេសចំពោះកំណើនសេដ្ឋកិច្ចនឹងបន្តដើរដោយមានប្រសិទ្ធភាព ។
ដូចដែលលោក Wang Guanhua អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិន និងជាអនុប្រធាននាយកដ្ឋានស្ថិតិចម្រុះសេដ្ឋកិច្ចជាតិចិនបានថ្លែងថា “ស្របពេលដែលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនានាបន្តរួមបញ្ចូលកម្លាំងគ្នា និងបង្ហាញប្រសិទ្ធភាពជាបន្តបន្ទាប់សេដ្ឋកិច្ចចិនមានសង្ឃឹមបន្តនិន្នាការអភិវឌ្ឍន៍ឆ្ពោះទៅរកការវិវឌ្ឍន៍ថ្មីភាពល្អប្រសើរនិងភាពរីកចម្រើន ហើយមានមូលដ្ឋានគ្រឹះ និងលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីសម្រេចបាននូវគោលដៅរំពឹងទុកប្រចាំឆ្នាំ»៕


