ព័ត៌មានអន្តរជាតិ

យន្តហោះដឹកជញ្ជូនយោធា An-12 មួយគ្រឿង ធ្លាក់នៅប្រទេសរុស្ស៊ី ខណៈមនុស្សទាំង១៩នាក់ នៅលើយន្តហោះស្លាប់ទាំងអស់

បរទេស៖ យន្តហោះដឹកជញ្ជូនយោធាប្រភេទ An-12 មួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យន្តហោះបានឆេះនៅពេលកំពុងហោះហើរ។ យោងតាមបណ្តាញព័ត៌មាន Telegram ឈ្មោះ Mash គឺមនុស្សទាំង ១៩ នាក់ដែលនៅលើនោះបានស្លាប់ទាំងអស់ ប៉ុន្តែចំនួនអ្នកស្លាប់នេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ហេតុការណ៍នេះបានកើតឡើងនៅជិតភូមិ Yagunovo ក្នុងតំបន់ Kemerovo ភាគនិរតីនៃតំបន់ស៊ីបេរី ដែលមានចម្ងាយប្រហែល ៣,០០០ គីឡូម៉ែត្រទៅភាគខាងកើតនៃទីក្រុងមូស្គូ។

លោក Ilya Seredyuk អភិបាលតំបន់ Kemerovo បានឱ្យដឹងថា ទីបញ្ជាការឆ្លើយតបក្នុងគ្រាអាសន្នមួយត្រូវបានបង្កើតឡើង ដោយមានក្រុមសង្គ្រោះ ប៉ូលិស កងឆ្មាំជាតិ និងអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រសម្រាប់គ្រោះមហន្តរាយ កំពុងបំពេញការងារនៅទីតាំងនោះ។ លោកបានបន្ថែមថា ស្ថានភាពជុំវិញការធ្លាក់យន្តហោះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

យោងតាមឆានែល Telegram ឈ្មោះ SHOT គឺយន្តហោះមួយគ្រឿងកំពុងហោះហើរពីទីក្រុង Novosibirsk ទៅកាន់ទីក្រុង Kansk នៅពេលដែលម៉ាស៊ីនមួយរបស់វាត្រូវបានគេរាយការណ៍ថាបានឆេះ។ ឆានែលនេះបានរាយការណ៍ថា ក្រុមនាវិកបានព្យាយាមបញ្ជាយន្តហោះដែលកំពុងឆេះនោះឱ្យចេញឆ្ងាយពីអគារលំនៅឋាន មុនពេលវាធ្លាក់ចូលទៅក្នុងវាលមួយកន្លែង។
ប្រែសម្រួលៈ តុលា

To Top