ព័ត៌មានអន្តរជាតិ

ការរឹតបន្តឹងការនាំចេញបន្ទះឈីប របស់សហរដ្ឋអាមេរិក គឺជាការសាកល្បងមហិច្ឆតា AI របស់អាស៊ីអាគ្នេយ៍ ប៉ុន្តែក៏ផ្តល់ឱកាសក្នុងការពង្រឹង ការត្រួតពិនិត្យបទប្បញ្ញត្តិផងដែរ

សិង្ហបុរី ៖ អ្នកជំនាញបានលើកឡើង កាលពីថ្ងៃអង្គារ (ទី១៧ ខែវិច្ឆិកា) ថា ការត្រួតពិនិត្យការនាំចេញបន្ទះឈីបថ្មី របស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍ អាចនឹងធ្វើឱ្យគម្រោងនានាមានការរាំងស្ទះ និងបង្កើតឱ្យមានភាពមិនច្បាស់លាស់ក្នុងរយៈពេលខ្លីសម្រាប់មហិច្ឆតាផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់តំបន់នេះ ប៉ុន្តែការរឹតបន្តឹងនេះក៏បានផ្តល់ឱកាសសម្រាប់តំបន់នេះ ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាគោលដៅសម្រាប់ការវិនិយោគលើវិស័យ AI ផងដែរ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងអនុវត្តការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើការនាំចេញបន្ទះឈីប AI កម្រិតខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រេស៊ីល ដោយលើកឡើងពីហានិភ័យ “ខ្ពស់ជាងធម្មតា” ដែលបន្ទះឈីបទាំងនេះអាចនឹងត្រូវបានបង្វែរដោយខុសច្បាប់ទៅកាន់ប្រទេសចិន។

ក្នុងចំណោមក្រុមហ៊ុនដែលរងផលប៉ះពាល់ខ្លាំងជាងគេ អាចមានក្រុមហ៊ុនផ្តល់សេវាក្លោដ AI (AI cloud companies) និងប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ (data centre operators) ដែលពឹងផ្អែកលើអតិថិជនចិន ដែលតម្រូវការរបស់ពួកគេក្នុងការប្រើប្រាស់បន្ទះឈីបពីចម្ងាយ បានចូលរួមចំណែកជំរុញឱ្យមានការរីកចម្រើនយ៉ាងខ្លាំងនៃមជ្ឈមណ្ឌលទិន្នន័យនៅអាស៊ីអាគ្នេយ៍។

លោក Josh Gilbert អ្នកវិភាគជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន eToro បានមានប្រសាសន៍ថា៖ «គ្មានការសង្ស័យទេថា នេះគឺជាឧបសគ្គមួយសម្រាប់មហិច្ឆតា AI របស់សិង្ហបុរី»។

លោកបានបន្ថែមថា ខណៈពេលដែលប្រទេសសិង្ហបុរីបានចំណាយពេលជាច្រើនឆ្នាំដើម្បីកសាងខ្លួនឱ្យក្លាយជា “គោលដៅចម្បង” មួយក្នុងទ្វីបអាស៊ីសម្រាប់ការវិនិយោគលើវិស័យ AI អ្នកវិនិយោគនឹងចង់បានភាពច្បាស់លាស់បន្ថែមទៀតសម្រាប់ដំណើរការទៅមុខ។

ការរឹតបន្តឹងនេះកើតឡើងបន្ទាប់ពីរឿងអាស្រូវរវាងក្រុមហ៊ុន Nvidia និង Megaspeed ដែលលោក Gilbert បានលើកឡើងថាបានបន្ថែមសម្ពាធនយោបាយមកលើទីក្រុងវ៉ាស៊ីនតោន ដើម្បីរឹតត្បិតការចូលប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រកម្រិតខ្ពស់របស់ប្រទេសចិន រួមទាំងសមត្ថភាពដែលបានជួលនៅបរទេសផងដែរ។

ក្រុមហ៊ុនផ្ដល់សេវាកម្មកុំព្យូទ័រលើក្លោដ (cloud computing) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ ថ្មីៗនេះបានរងការស៊ើបអង្កេតពីបទជាប់សង្ស័យក្នុងការលួចបង្វែរបន្ទះឈីប Nvidia ទៅកាន់ប្រទេសចិន តាមរយៈការគេចវេះពីការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើ “អាជីវកម្មដោយស្របច្បាប់ និងត្រឹមត្រូវ”។

លោក Gilbert បានមានប្រសាសន៍ថា ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីជួបជាមួយប្រធានាធិបតី លោក ស៊ី ជិនពីង វិធានការថ្មីនេះក៏អាចផ្តល់ឱ្យសហរដ្ឋអាមេរិកនូវ “សន្លឹកបៀរថ្មីសម្រាប់ការចរចា” ផងដែរ។

ប្រែសម្រួល៖​ គីរី

To Top