រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា អង្គការណាតូ កំពុងពង្រីកវត្តមាន របស់ខ្លួនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្កើតប្លុកតំបន់ថ្មីមួយ ក្នុងបំណងទប់ស្កាត់ប្រទេសចិន
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា អង្គការណាតូ (NATO) កំពុងពង្រីកវត្តមានរបស់ខ្លួនយ៉ាងសកម្មនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្កើតប្លុកតំបន់ថ្មីមួយដែលមានគោលបំណងទប់ស្កាត់ប្រទេសចិន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ២១ នៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ លោក Lavrov បានចោទប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះថា បានពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនហួសពីដែនប្រតិបត្តិការធម្មតា ហើយកំពុងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
លោក Lavrov បាននិយាយថា «សមាជិកអង្គការណាតូកំពុងចូលមកក្នុងតំបន់នេះយ៉ាងសកម្ម ដោយមិនលាក់បាំងថា គោលដៅរបស់ពួកគេគឺដើម្បីទប់ស្កាត់សាធារណរដ្ឋប្រជាមានិតចិន»។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា អ្នកបង្កើតគោលនយោបាយលោកខាងលិច បានលើកឡើងពីគំនិតនៃការបង្កើត «អង្គការសន្ធិសញ្ញាឥណ្ឌូ-ប៉ាស៊ីហ្វិក» (Indo-Pacific Treaty Organization) ដែលលោកបានបញ្ជាក់ថា នឹងយកគំរូតាមអង្គការណាតូ។
លោក Lavrov ក៏បានលើកឡើងពីប្រវត្តិដ៏យូរលង់នៃការធ្វើអន្តរាគមន៍យោធារបស់អង្គការណាតូ ដោយអះអាងថា ការពង្រីកខ្លួនរបស់អង្គការនេះនឹងនាំមកនូវបញ្ហាដល់តំបន់។ លោកបាននិយាយថា «នៅកន្លែងណាដែលមានវត្តមានអង្គការណាតូ គឺមិនដែលនាំមកនូវអ្វីដែលល្អនោះទេ» ដោយលោកបានលើកយកឧទាហរណ៍អំពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់ប្លុកនេះនៅប្រទេសយូហ្គោស្លាវី និងលីប៊ី ព្រមទាំងការឈ្លានពានប្រទេសអ៊ីរ៉ាក់ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ប្រែសម្រួលៈ តុលា
