ភ្នំពេញ៖ ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានអំពាវនាវក្រុមហ៊ុនផ្ដល់ សេវាសន្ដិសុខឯកជនទាំងអស់ បញ្ជូនភ្នាក់ងាររបស់ខ្លួន សហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ នេះបើយោងតានអគ្គស្នងការ ដ្ឋាននគរបាលជាតិ។
ក្នុងពិធីបិទវគ្គបំប៉នជំនាញសន្ដិសុខ លើកទី២២ ល្ងាច២៥ តុលា ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានចាត់ទុកថា ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ជាកម្លាំងជំនួយយ៉ាងសំខាន់ ដល់កម្លាំងសមត្ថកិច្ច ដូច្នេះហើយពេលមាន បទល្មើសអ្វីកើតឡើង ត្រូវរាយការណ៍ជូនសមត្ថកិច្ច ដែលនៅក្បែរឬកន្លែង ដែលខ្លួនឈរជើងភ្លាមៗ ដើម្បីចេញអន្ដរាគមន៍ បានទាន់ពេលវេលា។
លោកបានលើកឡើងថា វិស័យសន្តិសុខឯកជននេះ មានសារៈសំខាន់ក្នុងការរួមចំណែក ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ជាពិសេសភ្នាក់ងារសន្តិសុខ ឯកជនមដែលឈរជើង នៅតាមតំបន់សេដ្ឋកិច្ចពិសេស ធនាគារ កន្លែងប្តូរប្រាក់ ទីតាំងលក់វត្ថុមានតម្លៃមាស-ពេជ្រ ផ្សារទំនើប ផ្សារសាធារណៈ សណ្ឋាគារទំនើបៗ ភោជនី យ ដ្ឋាន រម្មណីយដ្ឋាន ផ្ទះសំណាក់ បុរី រោងចក្រ ក្លឹបកម្សាន្ដ និងទីកន្លែងកម្សាន្ដនានា។
ប្រធាននាយកដ្ឋានរូបនេះ បានអះអាងទៀតថា ដើម្បីឲ្យភ្នាក់ងារសន្តិសុខឯកជន ពោរពេញទៅដោយសមត្ថភាពពេញលេញ អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងខិតខំធ្វើយ៉ាងណា ឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះ ឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ៕