ព័ត៌មានជាតិ

ADB នឹងផ្ដល់ថវិកាជាង ១ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ថវិកា ១.៤៥ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់វិស័យ កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំង កែលម្អលក្ខខណ្ឌជីវភាពរស់នៅ ក្នុងតំបន់ទីក្រុង និងតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ជាពិសេស អភិវឌ្ឍវិស័យអប់រំ និងជំនាញ។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ADB បានអនុម័ត ទៅលើយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មីមួយដែលមានរយៈពេល ៥ឆ្នាំ ដែលមានកំណត់ចែង អំពីកិច្ចគាំទ្ររបស់ស្ថាប័ននេះ ចំពោះគោលដៅរបស់កម្ពុជា ក្នុងការក្លាយខ្លួន ជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០។

ADB បញ្ជាក់ថា “ស្ថិតក្រោមយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ថវិកាចំនួន ១.៤៥ពាន់លានដុល្លារ ក្នុងទម្រង់ជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សម្រាប់វិស័យ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវភាព រស់នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ និងការអភិវឌ្ឍវិស័យអប់រំ និងជំនាញ”។

ADB បន្ដថា ការគាំទ្រដល់កំណែទម្រង់វិស័យសាធារណៈ និងការកែលម្អសមត្ថភាពស្ថាប័ន នឹងនៅតែបន្តជាការ ផ្តោតយកចិត្តទុកដាក់ចម្បង របស់កម្មវិធីធនាគារអភិវឌ្ឍន៍អាស៊ី។ ការផ្តួចផ្តើមទាំងនេះ មានគោលបំណងកែលម្អលទ្ធភាព ទទួលបានសេវាកម្ម និងគុណភាពសេវាកម្ម សម្រាប់ពលរដ្ឋកម្ពុជា ព្រមទាំងបរិយាកាសធុរកិច្ចផងដែរ។

លោកស្រី Sunriya Durrani-Janal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យុទ្ធសាស្រ្តភាពជាដៃគូ ប្រចាំប្រទេសថ្មីរបស់យើង នឹងគាំទ្រដល់គោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតភាពប្រកួតប្រជែង និងពិពិធកម្មប្រភព ដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ច និងការជំរុញ ឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ការកសាងឲ្យមានភាពធន់ ទៅនឹងអាកាសធាតុ និងការនឿនកំណែទម្រង់អភិបាលកិច្ច”។

ជាមធ្យម សេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើង ៨.០% ពីឆ្នាំ ១៩៩៩-២០១៨ ដែលធ្វើឲ្យកម្ពុជាក្លាយជា ប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសនានា ដែលមានការរីកចម្រើនរហ័សបំផុត នៅក្នុងពិភពលោក។ ប្រាក់ចំណូលដុលជាតិក្នុងមួយនាក់ បានកើនឡើងពី ២៩០ដុល្លារ ក្នុងឆ្នាំ១៩៩៨ រហូតដល់ ១៣៨០ដុល្លារ ក្នុងឆ្នាំ២០១៨។

បើទោះជាដូច្នេះក្តី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ដោយរាប់បញ្ចូលទាំងភាពក្រីក្រ ក្នុងចំណោមស្ត្រីជាមេគ្រួសារ ដែលធ្វើឲ្យពួកគេងាយរងគ្រោះជា ពិសេសទៅនឹងការងារគ្មានសុវត្ថិភាព។ កិច្ចគាំពារសង្គម នៅមានកម្រិត ហើយភាពរីកចម្រើនខាងផ្នែកសុខភាព អប់រំ និងទិដ្ឋភាពដទៃទៀត នៃការអភិវឌ្ឍមនុស្ស នៅតែបន្តមានភាពផុយស្រយនៅឡើយ។ លទ្ធភាពទទួលបានបរិច្ចាគ អនាម័យ នៅស្ថិតក្រោមកម្រិតមធ្យមភាគនៅឡើយ សម្រាប់បណ្តាប្រទេស ដែលមានប្រាក់ចំណូល មធ្យមកម្រិតទាប។

លោកស្រី Sunniya Durrari-Jamal បន្ថែមថា “យុទ្ធសាស្រ្តភាពជាដៃគូប្រចាំប្រទេសនេះ នឹងជួយបង្កើត ឲ្យមានកាលានុវត្តភាពការងារ កាន់តែប្រសើរ សម្រាប់ពលរដ្ឋកម្ពុជា តាមរយៈការវិនិយោគ ទៅលើការអប់រំ ជំនាញ និង ការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ។ ដោយសារប្រទេសកម្ពុជា មានចំនួនប្រជាពលរដ្ឋវ័យក្មេងច្រើន ដូច្នេះការពង្រីកការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល និង ការទាញប្រយោជន៍ពីនវានុវត្តន៍នានា គឺជាចំណុចស្នូល នៃយុទ្ធសាស្រ្តភាពជាដៃគូ ប្រចាំប្រទេសរបស់យើង។ ការលើកកម្ពស់សក្តានុពល និង ភាពជាអ្នកដឹកនាំរបស់ស្រ្តី ជាពិសេសនៅក្នុងវិស័យសាធារណៈ និងការការពារធនធានធម្មជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍប្រទេស”។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញា នាំមកនូវវិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហើយស្របពេលជាមួយគ្នានេះ ក៏នឹងបន្តរក្សាចីរភាព នៃកិច្ចខិតខំរបស់ខ្លួន ក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top
×