ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ផ្លូវខូចដោយសារ អាកាសធាតុ និងដឹកលើសទម្ងន់

ភ្នំពេញ ៖ ក្រោយពីមានប្រជាពលរដ្ឋ​ មួយចំនួនរអ៊ូរទាំ ចំពោះផ្លូវឆាប់ខូច ធ្វើឲ្យលំបាក ក្នុងការធ្វើដំណើរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបកស្រាយវិញថា ផ្លូវខូចដោយសារកត្តាអាកាសធាតុ និងមានភ្លៀងជោគជាំ ទើបតំបន់ខ្លះដីទន់ (ដីស្អុយ) ព្រមទាំងដឹកលើសទម្ងន់ផងដែរ។

នាឱកាសចុះត្រួតពិនិត្យស្ថាន ភាពកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) កំពុងដំណើរការជួសជុលឲ្យប្រសើរឡើងវិញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា “ផ្លូវមានការខូចខាត ដោយសារកត្តាអាកាសធាតុ ដោយសារមានភ្លៀងធ្លាក់ជោគជាំ តំបន់ខ្លះមានប្រភេទដីទន់ ការដឹកទំនិញលើសទម្ងន់កម្រិត កំណត់បានធ្វើឲ្យផ្លូវឆាប់ទទួលរងការខូចខាត”។

លោកបន្ដថា ដល់រដូវផុតភ្លៀងក្រុមការងារក្រសួង នឹងសម្រុកធ្វើផ្លូវជាតិលេខ៣ ជាប្រភេទបេតុងកៅស៊ូ (AC) ដែលមានគុណភាពប្រើប្រាស់រហូតដល់១២ឆ្នាំ ខណៈបច្ចុប្បន្នក្រុមការងារធ្វើការ ជួសជុលបណ្តោះអាសន្ន ដើម្បីជួយសម្រួលធ្វើចរាចរណ៍ដល់ពលរដ្ឋ ។

លោកបន្ថែមថា កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគុស ត្រូវសាងសង់ជាផ្លូវ៤គន្លង និងចាប់ពីបែកគុស ដល់ទីរួមខេត្តកំពតប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ២គន្លង។

លោកអះអាងថា គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារជាហិរញ្ញប្បទានសម្បទានពីចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាល ដែលសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន ។ ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន និងប្រើរយៈពេល៤៨ខែ ។

សូមរំលឹកថា ផ្លូវជាតិលេខ៣ នឹងត្រូវធ្វើការជួសជុលបណ្តោះអាសន្ន ប្រវែងប្រមាណ២០គីឡូម៉ែត្រ ឲ្យបានរួចរាល់ក្នុងខែធ្នូ ឆ្នាំ២០១៩ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗ ចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែមករា ឆ្នាំ២០២០ ៕ ដោយ ៖ អេង ប៊ូឆេង

To Top