ព័ត៌មានជាតិ

គិតត្រឹមឆ្នាំ២០១៩ អាល្លឺម៉ង់ ផ្តល់ជំនួយ ឥតសំណង ដល់កម្ពុជា ជាង៦៤០លានដុល្លារ

ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០១៩ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទាន ឥតសំណងដល់ប្រទេសកម្ពុជា ជាង៦៤០លានដុល្លារ ស្មើនឹងប្រមាណជា៣ភាគរយ នៃទំហំហិរញ្ញប្បទានទាំងអស់ ដោយមិនរាប់បញ្ចូលទាំងហិរញ្ញប្បទាន តាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បណ្តាញអង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុបនោះឡើយ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ក្នុងកិច្ចពិភាក្សាការងារ ជាមួយលោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/អ. ក) នៅថ្ងៃទី២៨ តុលា នេះ លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មី អាល្លឺម៉ង់ប្រចាំកម្ពុជា បានកោតសរសើរ ចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ដោយប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងប្រទេសមាន ចំណូលខ្ពស់ ឆ្នាំ២០៥០ ។

លោកប្តេជ្ញាបន្ដពង្រឹង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយកម្ពុជាដោយពង្រីកវិសាលភាព គ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រផ្សេងទៀត ។
លោកបញ្ជាក់ថា “រហូតដល់ឆ្នាំ២០១៩ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណជាង ៦៤០លានដុល្លារ ស្មើនឹងប្រមាណ ៣ភាគរយ នៃទំហំហិរញ្ញប្បទានទាំងអស់ ។ ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលទាំងហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់ បានផ្តល់ឲ្យកម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បណ្តាញអង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប” ។

ដោយឡែក ក្នុងឆ្នាំ២០១៨- ២០១៩ ហិរញ្ញប្បទានឥតសំណង ទ្វេភាគីរបស់អាល្លឺម៉ង់មានប្រមាណ ៣០លានដុល្លារ ក្នុង១ឆ្នាំ។ក្នុងកិច្ចសហប្រតិបត្តិការ ផ្តោតលើវិស័យអាទិភាពចំនួន ៣ រួមមាន ៖ ទី១-វិស័យអភិវឌ្ឍន៍ជនបទ ,ទី២-វិស័យសុខាភិបាល និង៣-វិស័យអភិបាលកិច្ច ។

ចំណែកលោក ឈៀង យ៉ាណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលបន្តរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពជាង ៧% ក្នុង១ឆ្នាំ ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ ទន្ទឹមនឹងចំណូល របស់ប្រជាជនម្នាក់បានកើនដល់ជាង ១. ៤៥០ដុល្លារ ក្នុងឆ្នាំ២០១៧ ។

លោកបន្ថែមថា ដោយឡែកក្នុងឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចសម្រេចបាន ៧,៥% ដែលជាកំណើនខ្ពស់ជាងគេ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ និងប្រមាណ ៧,១% ក្នុងឆ្នាំ២០១៩ ដោយសារភាពកាន់តែរឹងមាំនៃវិស័យឯកជន ទេសចរណ៍ និងសំណង់ ក៏ដូចជាកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសធុរកិច្ច ៕ ដោយ ៖ អេង ប៊ូឆេង

To Top