ព័ត៌មានជាតិ

រថយន្តស្ទួចបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសស្រាល អ្នកដំណើរ ២៥នាក់


ស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានបណ្តាលឲ្យបុរសម្នាក់ បានស្លាប់ខណ:ដែលបញ្ជួន ទៅដល់មន្ទីរពេទ្យខេត្ត និងអ្នកដំណើរ២៥នាក់ទៀត រងរបួសស្រាល។
ករណីនេះ បានកើតឡើង កាលពីវលាម៉ោង ៧និង៥៥នាទីព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០១៩ នៅ តាមបណ្តោយផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ ១២១-១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រមួយ បានកើតឡើង រវាងរថយន្ត និងរថយន្ត ក្នុងទិសដៅស្របគ្នា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ៤៥ កៅអី ពាក់ស្លាកលេខ ភ្នំពេញ ៣B-៣៨៨៣ ពណ៌បៃតង បើកបរដោយឈ្មោះ ទ្រឿង ម៉ិញហ័រ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិភូហ្វា ឃុំភូថិន ស្រុកតាំប៊ិន ខេត្តវិនឡុង ( រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត )។ និងអ្នករួមដំណើរចំនួន ២៥ នាក់ រងរបួសស្រាល ២ នាក់ ឈ្មោះ ជា បុប្ផា ភេទស្រី អាយុ ៤៤ ឆ្នាំ រស់នៅភូមិទួលស្វាយព្រៃ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រាជធានីភ្នំពេញ និងឈ្មោះ មូ សែតញុក ភេទស្រីអាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រភពដដែល ឱ្យដឹងពីមូលហេតុគ្រោះថ្នាក់នេះ គឺបណ្តាលមកពី រថយន្តស្ទួច បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។

ប្រភពដដែល បានបន្តថាចំណែករថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣A-៧៦៧៧ បើកបរដោយឈ្មោះ គង់ វន្ថា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបរមានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ( គ្មានរបួស ) ។

បច្ចុប្បន្នមធ្យោបាយ រក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ខេត្ត រីឯសាកសពប្រគល់ជូនគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួសស្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ៕

To Top