ព័ត៌មានជាតិ

លោក អ៊ុក សមវិទ្យា៖ ទទួលទានអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារជាតិសាសនា និងព្រះមហាក្សត្រ

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុក ជានាយកបេឡាជាតិ របបសន្តិសុខសង្គម និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ទួលស្វាយព្រៃទី២ ថ្លែងឡើងដូច្នេះ ក្នុងពិធីជួប សំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ នៃសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាចថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ នេះ ។

លោកប្រតិភូរាជរដ្ឋាភិបាល ក្នុងឱកាសនេះដែរ ក៏បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ នៃសង្កាត់ ទួលស្វាយព្រៃទី២ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញការងារ បម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាព និងការរីកចម្រើន ហើយទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋ ផងដែរ។

លោកប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្តថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ និងបានធ្វើអោយប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស មានស្ថិរភាពនយោបាយរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនខ្លាំងក្លា លើគ្រប់វិស័យទាំងអស់ ។

លោក អ៊ុក សម្យវិទ្យា បានបញ្ជាក់ទៀតថា៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ សូមឱ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេសយកថ្ងៃនេះ ទទួលទានអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារជាតិសាសនា និងព្រះមហាក្សត្រ របស់យើង។

ជាមួយគ្នានេះលោក ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់គ្នាតាមរយៈ ក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលរួមឱ្យបានច្រើនកុះករ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកបំបុក និងសំពះព្រះខែ ដែលឈានមកដល់ នាពេលខាងមុខនេះ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top