ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ពលករដើរតួនាទីយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ នៅចំពោះមុខថ្នាក់ដឹកនាំ ប្រទេសទាំង៣ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថ្លែងថា ពលករទៅធ្វើការងារនៅក្រៅប្រទេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំង៣ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា ស្ដីពី តួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តប្រវេសន៍ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ សម្ដេច ស ខេង មានប្រសាសន៍ថា ការធ្វើទេសន្តប្រវេសន៍ គឺជាសិទ្ធិរបស់ពលរដ្ឋ ក្នុងការជ្រើសរើសការងារធ្វើ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបន្តថា “ពលករមានតួនាទីនៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយការបង្កើនប្រសិទ្ធិភាពនៃការអភិវឌ្ឍ និងនៃការទេសន្តប្រវេសន៍ការងារ ត្រូវបានកំណត់យ៉ាងច្បាស់ថា អាទិភាពមួយរបស់រដ្ឋជាសមាជិកអាស៊ាន ទើបមានកិច្ចព្រមព្រៀង ។ អាស៊ានមានកិច្ចព្រមព្រៀង ក្នុងការលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ ក៏ត្រូវបានអនុម័ត ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយរដ្ឋសមាជិកអាស៊ាន” ។

យោងតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីឆ្នាំ២០១៨ ចំនួនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសបានកើនដល់ជាង១លាន ២សែននាក់ និងបានផ្ញើប្រាក់ត្រឡប់មកស្រុកកំណើតវិញក្នុង១ម្នាក់ៗជាង ២ពាន់លានដុល្លារ ។ ក្នុងនោះពលករធ្វើការនៅថៃ និងកូរ៉េខាងត្បូង ផ្ញើប្រាក់មកស្រុកកំណើតបានច្រើនជាងគេ ៕ ដោយ អេង ប៊ូឆេង

To Top
×