ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ÷ រដ្ឋបាលថ្នាក់មូលដ្ឋាន មានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ

កំពង់ចាម ÷ លោក អ៊ុន ចាន់ដាអភិបាល ខេត្តកំពង់ចាមបានមានប្រសាសន៍ថា រដ្ឋបាលថ្នាក់មូលដ្ឋាន មានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩ ក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០- ២០ ២២ នៅសាលាស្រុកកំពង់សៀម ។

លោកអភិបាលខេត្តបានថ្លែងបន្តថា បច្ចុប្បន្ននេះរាជធានី និងគ្រប់ខេត្តនៅទូទាំងប្រទេស កំពុងតែសកម្មប្រយុទ្ធយ៉ាងក្លៀវក្លា ក្នុងការអនុវត្តគោលនយោបាយយុទ្ធ
សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភា បានជំរុញដំណើរការ កំណែទម្រង់ដ៏ស៊ីជម្រៅ និងទូលំទូលាយរួមមាន ៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់
វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ដីធ្លី ជលផល ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក បន្តថា ដោយឡែកនៅក្នុងកំណែ ទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលចាត់ទុកថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានសារសំខាន់ ចំពោះការកែលម្អគុណភាពនៃសេវាសាធារណៈគឺ
(១) ការអភិវឌ្ឍមូលដ្ឋាន ដោយមានការចូលរួមយ៉ាងសកម្ម នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅមូលដ្ឋាន។ (២) ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិកាន់តែរហ័ស និងមានប្រសិទ្ធភាព (៣)ការបង្កើននូវលទ្ធ ភាព នៃការកៀរគរប្រភពធនធាននៅមូលដ្ឋាន សម្រាប់ផ្តល់សេវានិងការអភិវឌ្ឍ បន្ថែមទៀត។

ទន្ទឹមនឹងនេះ សិក្ខាសាលាសមាហរណ កម្មផែនការនាពេលនេះដែរ ជាសូចនាករមួយបង្ហាញ ពីការចូលរួមក្នុងការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការវិវត្តនៃកិច្ចដំណើរ ការកំណែទម្រង់តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ តាមរយៈគោល
នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារសំខាន់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រប្រកប ដោយប្រសិទ្ធ ភាព។

ផ្តើមចេញពីឆន្ទៈ និងជំនឿជឿជាក់នេះ ក្នុងអំឡុងជិត២ទសវត្សរ៍ កន្លងមកនេះ រាជរដ្ឋាភិបាលបានជំរុញ និងគាំទ្រយ៉ាង សកម្មដល់ការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិ បតេយ្យនៅថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ រដ្ឋបាលឃុំសង្កាត់ បានក្លាយទៅជារដ្ឋបាលថ្នាក់មូលដ្ឋាន ដែលមានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ៕

To Top