ព័ត៌មានជាតិ

ទស្សនៈនិងមតិ៖ លទ្ធភាពសម រង្ស៊ី វិលត្រឡប់មកវិញ មានតែ១០ភាគរយ

ការពិតទៅវាមានទឡ្ហីករណ៍ជាច្រើន ដែលយើងអាចប្រមែប្រមូល មកធ្វើការសន្និដ្ឋាន បានថា លោកសម រង្ស៊ី នឹងមិនចូលស្រុកខ្មែរឡើយ៩០% ហើយមានតែ ១០ ភាគរយប៉ុណ្ណោះដែលលោកសម រង្ស៊ី មកទាំងប្រថុយប្រថានផ្សងព្រេងនោះ។

ព្រោះថាទី១ បើយើងពិនិត្យមើលឡើងវិញ ពីអត្តចរិតលក្ខណៈរបស់លោកសម រង្សី និងសកម្មភាពនយោបាយរបស់គាត់កន្លងមក យើងឃើញថា លោក សម រង្ស៊ី ជាមនុស្សម្នាក់កំពូលឆ្លាតៗ ដ៏ក្រឡិចក្រឡុចពុតត្បុតបំផុត គាត់ចូលចិត្តធ្វើនយោបាយ ដោយយកអ្នកគាំទ្ររបស់គាត់ជាខែល ជារនាំងការពារគាត់ ជាមួយនឹងការបញ្ឆេះ ដុតកំដៅកំដៅទឹកចិត្តអ្នកគាំទ្រឲ្យមានកំហឹង ឲ្យពុះកញ្ជ្រោលឡើង ដើម្បីប្រឆាំងទៅនឹងអាជ្ញាធរ ទៅនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលសូម្បីតែរឿងតូចតាចមួយ អាចដោះស្រាយដោយសន្តិវិធី បានក៏ដោយ ក៏គាត់មានចេតនាបំប៉ោង ឱ្យសន្ធោសន្ធៅឡើងបានដែរ ប៉ុន្តែគាត់មិនដែលធ្លាក់ចូល ក្នុងអន្ទាក់សមត្ថកិច្ចម្ដងណាឡើយ បើទោះបីជាគាត់បានដឹកនាំបង្កព្យុះភ្លៀង និងបង្កើតព្រឹត្តិការណ៍ជាច្រើនទាំងនោះក៏ដោយ។

ម្យ៉ាងអាចនិយាយបានថា គាត់ជាមាន់ត្រចៀកស ឆាប់រត់គេចចេញពីសៃវៀន ឬចំណុចដៅណាស់ អាចនិយាយបានថា គាត់បានរៀបចំបណ្ដាញការងារ ឬក្រុមសម្ងាត់មួយ សង្កេតតាមដាន គិតគូរពីសុវត្ថិភាពរបស់គាត់ជានិច្ច នឹងជម្លៀសគាត់ទាន់ពេលវេលាមុនពេលសភាពការណ៍ធ្ងន់ធ្ងរបានកើតឡើង ទាំងនោះក៏ដោយសារក្រោមលេស ដោះសារយករួចខ្លួនរបស់គាត់ដែរ ដែលថាបើគាត់ជាប់គុកនោះ គឺនឹងបាត់បង់ក្បាលម៉ាស៊ីនដឹកនាំ ហើយអ្វីៗនឹងត្រូវចប់នោះឯង ដែលតាមការពិតមិនមែនជាចរិតលក្ខណៈល្អរបស់អ្នកនយោបាយដែលប្រកបដោយការទទួលខុសត្រូវឡើយ។ 

ជាក់ស្ដែង ករណីជាច្រើនដូចជាសកម្មភាពនៃការដកបង្គោលព្រំដែន ការធ្វើបាតុកម្មនៅលើផ្លូវវេងស្រេង បាតុកម្មនៅលើទីលានប្រជាធិបតេយ្យសួ នច្បារផ្សារចាស់។ល។ គឺថាលោក សម រង្សី សុទ្ធតែបានគេចយករួចខ្លួនរហូត បន្សល់ទុកអ្នកគាំទ្ររបស់គាត់ជាច្រើនតែងឲ្យរងទុក្ខ ទទួលនូវទណ្ឌជំនួសគាត់ជានិច្ច។ លើសពីនោះរាល់ការសន្យាជាមួយអ្នកគាំទ្ររបស់គាត់ លោកសមរង្ស៊ី មិនដែលគោរពសំដីខ្លួនបានម្ដងណាឡើយ និយាយរួមអ្វីក៏ដោយឲ្យតែមានប្រយោជន៍ដល់គាត់ សម រង្សី គឺគាត់ធ្វើភ្លាមដោយមិនដែលខ្វល់ពីអារម្មណ៍ អ្នកគាំទ្រណាទាំងអស់ សូម្បីតែសហការីផ្ទាល់របស់គាត់ផងដែរ ដូចជាការប្រកាសថា មានសែនអត់ស៊ី! មានស៊ីអត់សែន! គាត់បានអះអាងថា មិនព្រមចុះចូលជាមួយរាជរដ្ឋាភិបាលដាច់ខាត មិនចេញបោកទេ គាត់ថាមិនអាចចូលធ្វើការជាមួយចោរទេ ប៉ុន្តែតើចុងក្រោយនោះវាយ៉ាងម៉េច? គឺទាំងសែនទាំងស៊ី ឬស៊ីនិងសែន បានចូលរួមតុបាយជាមួយគ្នា យ៉ាងល្អូកល្អឺនផ្អែមល្ហែមរហូតក្អេងក្អាងថា ខ្លួនគាត់ជាស្ថាបនិកនៃវប្បធម៌សន្ទនាទៀតផង ព្រោះតែនៅខណៈនោះគាត់ទទួលបាននូវប្រយោជន៍ ពីរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ដោយគាត់សុខចិត្តព្យាយាមបកស្រាយបង្វែរទិសនូវសំដីរបស់ខ្លូន ទៅជារឿងផ្សេងដោយគ្មានភាពអាម៉ាស់ និងការទទួលខុសត្រូវជាមួយនឹងអ្នកគាំទ្ររបស់គាត់ឡើយ។ 

ទី២ បើយើងនិយាយពីសំណាញ់ច្បាប់ នោះយើងនឹងដឹងថា វាគ្មានច្រកណាមួយឬហេតុផលណាមួយដែលសមរង្ស៊ីចូលស្រុកខ្មែរ បានដោយមិនមានទោសទេ ហើយក៏មិនមានមធ្យោបាយណាមួយដែលអាចឲ្យលោក សម រង្សី ចូលស្រុកខ្មែរបានទាំងបំពានច្បាប់នោះដែរ ហើយគ្រប់យ៉ាងនៃទោសកំហុសរបស់លោក សម រង្សី គឺតាំងពីពេលមុនកន្លងមក គឺវាច្រើនណាស់ទៅហើយ និងគ្រប់គ្រាន់សម្រាប់ដាក់ទោសលើគាត់ នៅពេលណាដែលគាត់មានវត្តមាននៅលើដីខ្មែរ ប៉ុន្តែហេតុអ្វីបានជាលោក សម រង្សី ខំបង្កើតឡើងនូវព្រឹត្តិការណ៍ជាច្រើនថែមទៀត? មិនគឺដើម្បីបង្កើតកំហុសខ្លួនឱ្យបានច្រើនថែមទៀតបំណាច់ថាខ្លួននឹងមិនមកដដែល ដូចជាដើម្បីគេចវេស ពីការទទួលខុសត្រូវដែលខ្លួន បានអះអាងថា នឹងមកកម្ពុជាឲ្យបាន នៅក្នុងថ្ងៃទី ៩ វិច្ឆិកា ខាងមុខនោះដែរ។

ទី ៣ គឺថាលោក សម រង្សី នៅមិនទាន់ច្បាស់​ ក្នុងខ្លួនឡើយ នៅស្រពិចស្រពិល ពីកិច្ចការទំនាក់ទំនងផ្នែកការទូតរបស់លោក ជាមួយបណ្ដាប្រទេសដទៃផ្សេងទៀត នៅក្នុងអាស៊ាន ជាមួយសហគមន៍អឺរ៉ុប ពិសេសជាមួយសហរដ្ឋអាមេរិកនៅឡើយ។ ជាក់ស្ដែងការទាមទាររបស់លោក សម រង្សី ដែលឲ្យសហគមន៍អឺរ៉ុបផ្ដាច់ជំនួយ EBA ពីកម្ពុជានោះ គឺរហូតមកដល់ពេលនេះនៅមិនទាន់ច្បាស់ថា​យ៉ាងណានៅឡើយ ហើយបើតាមការពិនិត្យសង្កេត គឺសហគមន៍អឺរ៉ុប  មានចេតនាទុកពេលវេលាឲ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ ដើម្បីធ្វើការឆ្លើយតប បំភ្លឺបកស្រាយឲ្យបានសមស្រប ជៀសជាងការធ្វើតាមសំណើរទាមទាររបស់លោក សម រង្សី ទើបនៅក្នុងរបៀបនេះ ការសម្រេចរបស់សហគមន៍អឺរ៉ុប ហាក់ដូចជាមានលក្ខណៈសាំញាំជាច្រើន ក៏ដូចជាដើម្បីអូសបន្លាយពេលនោះដែរ។ ចំពោះប្រទេសមួយចំនួន ដូចជាប្រទេសថៃ ដែលសមរង្សី បានជ្រើសរើសសម្រាប់ជាផ្លូវដែលខ្លួនត្រូវចូលមកស្រុកខ្មែរនោះ ក៏សមត្ថកិច្ចជំនាញនិងរដ្ឋអំណាចគេមិនគាំទ្រនិងសហការជាមួយដែរ។ វារឹតតែច្បាស់ទៅទៀត ក្នុងពេលកន្លងមកនេះខណៈដែលលោកសម រង្សី បានវាយប្រហារទៅលើសញ្ញាបត្របណ្ឌិត នៅសាលាវ៉េសផញ របស់លោក ហ៊ុន ម៉ាណែត ថាជាសញ្ញាប័ត្រក្លែងក្លាយនោះ គឺជាការវាយប្រហារទៅលើវិស័យអប់រំរបស់សហរដ្ឋអាមេរិក ក៏ដូចជាការដាក់បន្ទុកថា សហរដ្ឋអាមេរិក មានការរើសអើងពូជសាសន៍ចឹងដែរ។ ហើយពេលថ្មីៗនេះខណៈដែលសម្ដេចតេជោ ហ៊ុន សែន វិលត្រឡប់មកពីទស្សនកិច្ច នៅក្រៅប្រទេសវិញ សម្ដេចបានណែនាំ ឲ្យគ្រប់ស្ថាប័នជាតិទាំងអស់ បង្កើនការយកចិត្តទុកដាក់ ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយនឹងសហរដ្ឋអាមេរិក ឲ្យប្រសើរឡើងវិញបន្ថែមទៀត ជាជាងការវាយប្រហារណាមួយ ឬការប្រើប្រាស់ភាសាណាមួយ ដែលនាំដល់ការបង្កើតនូវអរិភាព ជាមួយនឹងប្រទេសមហាអំណាចមួយនេះ ក៏ដូចជាជាមួយនឹងសហគមន៍អឺរ៉ុបផងដែរ ព្រោះថាតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាគឺជាប្រទេសមួយអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលរាជរដ្ឋាភិបាល កើតឡើងដោយការបោះឆ្នោត យ៉ាងត្រឹមត្រូវនិងយុត្តិធម៌។

ទន្ទឹមនឹងនោះ ក៏អាចនិយាយបានថា សម្ដេចតេជោ ហ៊ុន សែន បានទទួលនូវសញ្ញាល្អ ជាវិជ្ជមានមួយពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបផងដែរ ដែលទាំងនោះគឺបង្ហាញឲ្យឃើញកាន់តែច្បាស់ថា នយោបាយការទូតរបស់លោក សម រង្សី ត្រូវបរាជ័យ ហើយលោក សម រង្សី បានឈានទៅដល់ដំណាក់កាលចុងក្រោយ នៃមាត់ជ្រោះមរណ:ហើយ ឬនោះគឺជាទីបញ្ចប់នៃជីវិតនយោបាយរបស់គាត់ សម រង្សី ដោយមិនអាចមានហេតុផលណាមួយ ដែលល្អប្រសើរសម្រាប់គាត់ ហ៊ានប្រថុយប្រថានវិលចូលប្រទេសខ្មែរនោះឡើយ។

សរុបសេចក្តីមកវិញ គឺមានតែ ១០ភាគរយប៉ុណ្ណោះ ដែលលោក សម រង្សី ក្លាហានសម្រេចចិត្តដើរមកចូលគុកតែឯង ឬជាមួយបក្សពួកមួយ ដំបរស្វាប៉ុណ្ណោះ ដោយគ្មានប្រជាជន ឬកងកម្លាំងណាគេមកហែរហម ដូចអ្វីដែលសមរង្ស៊ីបានលើកឡើង ដោយមមីមមើលទាំងថ្ងៃនោះទេ ហើយកិច្ចសម្ភាសន៍ ជាមួយវិទ្យុបារាំងថ្មីៗចុងក្រោយនេះ គឺលោក សម រង្សី ឆ្លើយទាំងរដាក់រដុប ញាប់ញ័រ រវើរវាយ ទាំងកុហកបោកប្រាស់ ឬអាចនិយាយបានថាបែបប្រជាភិថុតិ តែប៉ុណ្ណោះ​។

តើមានទឡ្ហីករណ៍ណាខ្លះ
ដែលយើងអាច​ ធ្វើការសន្និដ្ឋានបានថា សម រង្សីុ នឹងមិនចូលដីខ្មែរ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននោះ?

ខាងក្រោមសុទ្ធសឹងតែជាទឡ្ហីករណ៍ ជាក់ស្តែងដែលបញ្ជាក់ថាទណ្ឌិត សម រង្ស៊ី មិនអាចចូលដីខ្មែរ បានជាដាច់ខាត÷

១)ទណ្ឌិត សម រង្ស៊ី ជាបុគ្គលកំសាកញីដែលតែងតែរត់គេចខ្លួនពីការទទួលខុសត្រូវ​ លើទោសកំហុសរបស់ខ្លួនដែលតែងតែមានជាហូរហែរ​ នាពេលកន្លងមក។

២)ទណ្ឌិត សម រង្ស៊ី កំពុងរត់គេចពីការ​ តាមចាប់ខ្លួនរបស់សមត្ថកិច្ចកម្ពុជាគ្រប់វិនាទី​ យោងតាមដីកាបង្គាប់របស់តុលាកាក្រុងភ្នំពេញ ស្តីអំពីទោសក្បត់ជាតិញុះញង់បំផុសបំផុលឲ្យប្រជាជន និងកងទ័ពក្រោកឈរឡើងធ្វើរដ្ឋប្រហារផ្តួលរំលំ​ រាជរដ្ឋាភិបាលស្របច្បាប់ និងប៉ុនប៉ងផ្លាស់ប្តូររបបរាជានិយមទៅជារបបផ្សេង ដែលប្រឆាំងនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។

៣)គ្មានសហគមន៍អន្តរជាតិ ឬប្រទេសណាមួយគាំទ្រនយោបាយឧទ្ទាមក្រៅច្បាប់ ដែលបង្កចលនាប្រឆាំងរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ​ សេរីពហុបក្សនោះឡើយ។

៤)បណ្តារដ្ឋទាំងអស់​ នៅក្នុងសហគមន៍អាស៊ានមិនអនុញ្ញាតិឲ្យទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួនដាក់ចលនាឧទ្ទាមក្រៅច្បាប់​ ដើម្បី
ធ្វើសកម្មភាព​ ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា​ ដែលជារដ្ឋអធិបតេយ្យស្របច្បាប់នោះឡើយ។

៥)ទណ្ឌិត សម រង្ស៊ី មិនមែនជាមេដឹកនាំចលនានយោបាយស្របច្បាប់នៅកម្ពុជានោះទេ តែផ្ទុយទៅវិញទណ្ឌិតរូបនេះបានឃុបឃិតជាមួយបក្សពួក​ មួយក្តាប់តូចដឹកនាំចលនាឧទ្ទាមក្រៅច្បាប់​ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងនឹងព្រះមហាក្សត្រ​ និងប្រឆាំងនឹងសេចក្តីសុខសាន្តរបស់ប្រជាជាតិខ្មែរទាំងមូលដែលអនុញ្ញាតិឲ្យរាជរដ្ឋាភិបាលមានសិទ្ធិ​ យ៉ាងពេញលេញដើម្បីកំទេចចោលចលនាឧទ្ទាមបែបនេះ​ គ្រប់វិនាទីសំដៅការពារសុខសន្តិភាព​ ជូនប្រជាពលរដ្ឋខ្មែរទូទាំងនគរ។

៦)គ្មានកម្លាំងមហាជន​ ឬប្រជាជនកម្ពុជាណា​ដែលសុខចិត្តលះបង់ចោលសុខសន្តិភាព​ និងការអភិវឌ្ឍន៍ ហើយបែរជាងាកទៅចូលរួម​ ជាចលនាឧទ្ទាមក្រៅច្បាប់របស់ទណ្ឌិត សម រង្ស៊ី នោះទេ។

៧)ទណ្ឌិត សម រង្ស៊ី គឺជាជនក្បត់ជាតិដែលគ្មានរចនាសម្ព័ន្ធនិងអង្គការចាត់តាំងនយោបាយ​ ក្រៅតែពីក្រុមទុច្ចរិតដែលជាបក្សពួករបស់ខ្លួន ប៉ុន្មានដំបរស្វាតែប៉ុណ្ណោះ សូម្បីតែសមាសសភាពអតីតគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូល រំលាយទៅហើយនោះក៏គេមិនគាំទ្រចលនាឧទ្ទាមដ៏ឆ្កួតលីលារបស់ទណ្ឌិត សម រង្ស៊ីដែរ ជាក់ស្តែងកញ្ញា កឹម មនោវិទ្យា ជាកូនស្រីបង្កើតរបស់លោក កឹម សុខា និងលោក យ៉ែម ប៉ុញ្ញារិទ្ធិ ដែលជាតំណាងឲ្យលោក កឹម សុខា ក៏បានចេញមកប្រកាសជំហរយ៉ាងជាក់លាក់ថា លោក កឹម សុខា មិនចូលរួមគាំទ្រចលនាឧទ្ទាមរបស់ទណ្ឌិត សម រង្ស៊ី ជាដាច់ខាត។

៨)សមត្ថកិច្ចកម្ពុជាបានសហការគ្នាយ៉ាងជិតស្និទ្ធិជាមួយបណ្តារដ្ឋអាស៊ានទាំងអស់ ពិសេសបណ្តារដ្ឋអាស៊ានដែលនៅជុំវិញកម្ពុជារួមមាន ថៃ វៀតណាម និងឡាវ ដើម្បីតាមចាប់ខ្លួនទណ្ឌិត សម រង្ស៊ី គ្រប់ពេលវេលា។
យោងតាមទឡ្ហីករណ៍ទាំងអស់ខាងលើនេះទណ្ឌិត សម រង្ស៊ី ពិតជាមិនអាចចូលដីខ្មែរជាដាច់ខាត ផ្ទុយទៅវិញទណ្ឌិត សម រង្ស៊ី កំពុងតែភ័យស្លន់ស្លោរត់គេចខ្លួនពីសំណាញ់ច្បាប់ទៅជ្រកកោននៅបរទេសស្រែកប្រកូប្រកាសរកអ្នកជួយស្រោចស្រង់។

ប៉ុន្តែបើទណ្ឌិត សម រង្ស៊ី ហ៊ានប្រថុយប្រថានចូលជាន់ដីខ្មែរទាំងកំរោលនោះ​ គឺជាជោគវាសនាចុងក្រោយ​ នៃការជីកកប់នយោបាយដ៏ឆ្កួតលីលារបស់ខ្លួន ហើយត្រូវជាប់ខ្នោះសមត្ថកិច្ចដេកគុកកំដរជីវិតតែប៉ុណ្ណោះ។

ដោយ៖ ព្រះច័ន្ទ

To Top