ភ្នំពេញ ៖ លោក សយ សុភាព នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានសំណូមពរ ឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបោះពុម្ភផ្សាយសៀវភៅ ខ្សែក្រវាត់មួយ ផ្លូវមួយ (One Belt One Road) ជាភាសាអង់គ្លេស គួរតែមានការបកប្រែជាភាសាខ្មែរ ព្រោះកូនខ្មែរភាគច្រើន មិនសូវស្គាល់ពីផ្លូវមួយ ខ្សែក្រវាត់មួយនេះទេ ។
លោកថា ការបោះពុម្ពជាភាសាអង់គ្លេសនេះ គឺសម្រាប់និស្សិតស្រាវជ្រាវល្អហើយ ប៉ុន្តែពលរដ្ឋខ្មែរ ភាគច្រើនមិនសូវស្គាល់ ខណៈសៀវភៅនេះ និយាយពីស្រុកខ្មែរ ដើម្បីឲ្យកូនខ្មែរបានដឹង និងងាយយល់ និងជាការជំនួយសា្មរតី ។
ខ្សែក្រវាត់មួយ ផ្លូវមួយ ជាគំនិតផ្ដួចផ្ដើម របស់លោកប្រធានាធិបតី ហ្សី ជីនពីង (Xi Jinping) នៃសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ២០១៣ ដែលមានគោលបំណង ពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដើម្បីតភ្ជាប់ទ្វីបអាស៊ី ជាមួយអឺរ៉ុប និងអាហ្វ្រិក តាមផ្លូវពាណិជ្ជកម្មសូត្រពីជំនាន់មុន។
គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែនាំមកនូវឧត្ដមប្រយោជន៍ ជូនប្រទេសពាក់ព័ន្ធតែប៉ុណ្ណោះទេ តែនឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែង ក្នុងការជំរុញការតភ្ជាប់ និងសហប្រតិបត្តិការ លើគ្រប់វិស័យរួមមានហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ផងដែរ។
តាមរយៈគំនិតផ្ដួចផ្ដើមនេះដែរ កម្ពុជា-ចិន បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចពង្រឹងសហប្រតិបត្តិការ និងវិនិយោគលើវិស័យឧស្សាហកម្ម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងប៉េកាំង៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
