នយោបាយ

ទូតខ្មែរនៅថៃ៖ ពលករខ្មែរ កំពុងធ្វើការធម្មតា មិនបានវិលត្រឡប់ទៅកម្ពុជា ដូចការបំភ្លៃរបស់ក្រុមប្រឆាំងនោះទេ

ភ្នំពេញ៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានបញ្ជាក់ថា បងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារតាមធម្មតាពុំមានការធ្វើដំណើរវិលត្រឡប់ ទៅប្រទេសកម្ពុជាជាគំហុក ដូចការបំភ្លៃព័ត៌មាន របស់ក្រុមប្រឆាំងនោះទេ ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមប្រឆាំងបានយករូបភាព និងឃ្លីបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យ ពលករបរទេសរបស់អាជ្ញាធរថៃ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនវិលត្រឡប់ ទៅចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ របស់បងប្អូនពលករនាពេលកន្លងមក មកធ្វើការផ្សព្វផ្សាយឡើងវិញនៅក្នុងបណ្ដាញសង្គម ក្នុងគោលបំណងបង្កការភ្ញាក់ផ្អើល និងអូសទាញឱ្យបងប្អូនពលករ ត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីកេងចំណេញផ្នែកនយោបាយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជា ប្រចាំថៃចុះថ្ងៃទី៣០ តុលា បានបញ្ជាក់ថា «បច្ចុប្បន្ននេះ បងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារតាមធម្មតា

ពុំមានការធ្វើដំណើរវិលត្រឡប់ ទៅប្រទេសកម្ពុជាជាគំហុក ដូចដែលសារព័ត៌មានមួយចំនួន បានធ្វើការចុះផ្សាយនោះទេ។ ជាងនេះទៅទៀត ភាគីថៃ ក៏កំពុងតែដំណើរការ បន្តទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារជូនដល់ បងប្អូនពលករអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ បន្តទៀតបានរហូតដល់ ឆ្នាំ២០២២» ។

ទូតខ្មែរនៅថៃ ក៏បានអំពាវនាវឲ្យពលករទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារជាធម្មតា កុំជឿតាមការផ្សព្វផ្សាយ និងការញុះញង់ របស់សារព័ត៌មានមួយចំនួន ដែលជាហេតុបង្កឱ្យបងប្អូនខាតបង់ថវិកា ពេលវេលា និងអាចត្រូវនិយោជកបញ្ឈប់ ពីការងារទៀតផង។

ពាក់ព័ន្ធករណីនេះមេប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិដូង បានបំភ្លឺដែរថា មិនមានពលករខ្មែរ វិលត្រឡប់ចូលស្រុកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ដូចការបំភ្លៃព័ត៌មានពីក្រុមប្រឆាំងនោះទេ ៕

ដោយ៖ ខា ដា

To Top