ព័ត៌មានជាតិ

Update៖ ស្នងការខេត្តព្រះសីហនុ បញ្ជាក់ថា រហូតមកពេលនេះ នារីបរទេសដែលបាត់ខ្លួន នៅលើកោះរ៉ុង មិនទាន់មានតម្រុយទេ

ភ្នំពេញ៖ ស្របពេលប្រតិបត្តិការ ស្វែងរកនារីជនជាតិបរទេសម្នាក់ដែលបាត់ខ្លួននៅលើកោះរ៉ុង បានធ្វើឡើងយ៉ាងសស្រាក់សស្រាំទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសអស់ ជាច្រើនថ្ងៃកន្លងមកនេះ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា រហូតមកពេលនេះកម្លាំង សង្រ្គោះមិនទាន់មានតម្រុយនោះទេ ។

ជុំវិញបញ្ហាទាំងនេះ លោក ជួន ណារិន្ទ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ថា “យើងអត់ទាន់មានតម្រុយអីទេ ប៉ុន្ដែយើងរកឲ្យគ្រប់នៅ នីតិវិធីរបស់យើងដែលមាន ។ហើយព្រឹកនេះយើងបង្ហាយឲ្យ សុនខ (ឆ្កែ) ដើរហិត។ហើយបានយើងប្រជុំគ្នា វាយតម្លៃ ដើម្បីធ្វើការងារបន្ដទៀត”។

នារីដែលបាត់ខ្លួន ឈ្មោះ Amelia Bambridge កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិត ឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅ កោះរ៉ុង នៅម៉ោង ៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង ៦:០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។

មុនបាត់ខ្លួន គេបានប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយ នៅឆ្នេរកោះរ៉ុង(Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង៕

ដោយ ៖ អេង ប៊ូឆេង

To Top